(ភ្នំពេញ)៖ សាកលវិទ្យាល័យធនធានមនុស្ស នាថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២ បានរៀបចំសង្រ្កាន្តឆ្នាំថ្មី ដោយមានការចូលរួមសហការយ៉ាងសកម្មពីក្រុមការងារយុជន សហភាពសហព័ន្ធយុវជនកម្ពុជា ប្រចាំសាកលវិទ្យាល័យ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។

គោលបំណងនៃការរៀបចំសង្រ្កាន្តឆ្នាំថ្មីរបស់សាកលវិទ្យាល័យធនធានមនុស្សដើម្បី៖

ទី១៖ ជំរុញលើកទឹកចិត្តយុវជន ដែលជានិស្សិត និងជាយុជនសហភាពសហព័ន្ធយុវជនកម្ពុជាប្រចាំសាកលវិទ្យាល័យ ចូលរួមសកម្មភាពសង្រ្កាន្តឆ្នាំថ្មីប្រពៃណីជាតិ ក្នុងន័យបណ្តុះស្មារតីយុវជន ឱ្យស្គាល់ពីទំនៀមទំលាប់ប្រពៃណីនិងវប្បធម៌ជាតិ ចេះគោរពឱ្យតម្លៃ និងចូលរួមសកម្មភាពថែរក្សាការពារវប្បធម៌ ប្រពៃណីដ៏ផូរផង់ ដែលដូនតាបន្សល់ទុក។

ទី២៖ បង្កលក្ខណៈសប្បាយរីករាយ បន្ទាប់ពីការសិក្សា និងមុនពេលនិស្សិតបែកគ្នាមួយរយៈដើម្បីទៅស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខតាមរយៈកម្មវិធី កម្សាន្ត ដែលសាកលវិទ្យាល័យបានរៀបចំជូនដូចជា ល្បែងប្រជាប្រិយ និងកម្មវិធីតន្រ្តីរាំលេងសប្បាយជាដើម។

ទី៣៖ ដើម្បីរឹតចំណងសាមគ្គីភាព និងមិត្តភាពក្នុងចំណោមគណៈគ្រប់គ្រងសាស្រ្តាចារ្យ និងយុវជន/និស្សិតរួមសាកលវិទ្យាល័យ រួមជំនាន់ និងរួមថ្នាក់។

ទី៤៖ បណ្តុះស្មារតីយុវជនក្នុងក្របខណ្ឌសាកលវិទ្យាល័យ ឱ្យចេះចូលរួមសហការ គោរពឱ្យតម្លៃគ្នា និងបង្កើតវប្បធម៌សាមគ្គីភាពផ្ទៃក្នុង ចូលរួមសកម្មភាពនានា ដែលមានប្រយោជន៍ដល់សង្គមជាតិ ទាំងក្នុងពេលបច្ចុប្បន្ន និងទៅអនាគត។

ទី៥៖ បណ្តុះស្មារតីយុវជនឱ្យចេះគោរពឱ្យតម្លៃ ស្រឡាញ់ និងការពារជាតិ វប្បធម៌ប្រពៃណី សន្តិភាព និងការអភិវឌ្ឍរបស់សង្គមជាតិ។

សូមបញ្ជាក់ថា សង្រ្កាន្តឆ្នាំថ្មីរបស់សាកលវិទ្យាល័យធនធានមនុស្ស ក៏ទទួលបានការអបអរសាទរ គាំទ្រ និងពេញចិត្តយ៉ាងខ្លាំងពីសំណាក់និស្សិត ជាយុវជនជំនាន់ថ្មី ជាទំពាំងស្នងឫស្សី និងជាសរសរទ្រួងសម្រាប់ អនាគតប្រទេសជាតិផងដែរ៕