(ភ្នំពេញ)៖ ធនាគារ ជីប ម៉ុង ដែលកំពុងអភិវឌ្ឍយ៉ាងឆាប់រហ័សជាមួយបច្ចេកវិទ្យាឌីជីថល បានដាក់ឱ្យដំណើរការនូវសេវាទូទាត់តាមរយៈ KHQR Code ដែលអនុញ្ញាតឱ្យអតិថិជនទាំងអស់ទូទាត់ប្រាក់ឆ្លងធនាគារជាច្រើននៅកម្ពុជាបានដោយងាយស្រួល ហើយមិនអស់ថ្លៃសេវាទៀតផង។

អតិថិជនធនាគារ ជីប ម៉ុង ទាំងអស់ នឹងកាន់តែអស់បារម្ភក្នុងការទូទាត់ប្រាក់ ដោយគ្រាន់តែធ្វើបច្ចុប្បន្នភាព (Update) កម្មវិធីទូរស័ព្ទ Chip Mong Bank App ឥឡូវនេះ លោកអ្នកអាចចាប់ផ្ដើមទូទាត់ថ្លៃទំនិញ ឬសេវាកម្មនានាជាមួយ KHQR Code នៅគ្រប់ទីកន្លែងដែលមានសញ្ញា KHQR Code។ លើសពីនេះ ជាមួយ KHQR Code របស់ធនាគារ ជីប ម៉ុង អតិថិជនរបស់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុផ្សេងៗនៅក្នុងប្រទេសកម្ពុជាក៏អាចធ្វើការស្កែនដើម្បីទូទាត់បានយ៉ាងងាយស្រួល និងសុវត្ថិភាព។

គួរបញ្ជាក់ផងដែរថា KHQR Code គឺជាសេវាកម្មទូទាត់ប្រាក់ដែលបានផ្ដួចផ្ដើមឡើងដោយធនាគារជាតិនៃកម្ពុជា ក្នុងគោលបំណងដើម្បីឱ្យអតិថិជនរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុជាច្រើន អាចប្រើប្រាស់សេវាទូទាត់រួមគ្នាបានទៅលើទំនិញ ឬសេវាកម្មផ្សេងៗនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ការដាក់ឱ្យដំណើរការ KHQR Code ក៏ជាផ្នែកមួយនៃការខិតខំប្រឹងប្រែងរបស់ធនាគារ ជីប ម៉ុង ដើម្បីផ្តល់សេវាកម្មទូទាត់ប្រាក់បែបឌីជីថលកាន់តែល្អប្រសើរជូនដល់អតិថិជន។ បេសកកម្មរបស់ធនាគារគឺផ្តល់ដំណោះស្រាយខាងសេវាធនាគារល្អបំផុតលំដាប់ពិភពលោក ជាមួយនឹងប្រសិទ្ធភាព សុវត្ថិភាព ភាពរហ័សទាន់ចិត្ត ចំណេញទាំងពេលវេលា និងថវិកា ហើយអាចបំពេញបានតម្រូវការប្រចាំថ្ងៃរបស់អតិថិជន៕