(កណ្តាល)៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម តំណាងអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២២នេះ បានចូលរួមបើកការប្រកួតកីឡាដណ្តើមពានរង្វាន់ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ប្រចាំស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

ថ្លែងក្នុងពិធីបើកការប្រកួតកីឡានាឱកាសនោះ លោកបណ្ឌិត កៅ ថាច ក៏បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទៅកាន់យុវជនជាកីឡាករទាំងអស់ ដែលបានចុះឈ្មោះចូលរួមប្រកួតកីឡាបាល់ទាត់ដណ្តើមពានរង្វាន់នាពេលនេះ។

លោកបណ្ឌិត កៅ ថាច ក៏បានណែនាំទៅក្រុមយុវជន នៅពេលប្រកួតត្រូវនាំគ្នាគោរពវិន័យ និងរក្សាសេចក្តីថ្លៃថ្នូរក្នុងនាមជាកីឡាករល្អមួយរូប និងត្រូវចេះលេង ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងចេះសាមគ្គីគ្នា ក្នុងក្រុមដើម្បីទទួលបានជ័យជម្នះ។ ការលេងកីឡា គឺដើម្បីសុខភាពដើម្បីមិត្តភាព និងនាំឱ្យមានបញ្ញាវាងវៃ ដូចនេះត្រូវនាំគ្នាលេងជាប្រចាំដើម្បីរក្សាសុខភាព និងជៀសវាងការប្រើប្រាស់គ្រឿងញានដែលនាំឱ្យអន្តរាយដល់សុខភាព និងសង្គមជាតិ។

លោកបានបន្ថែមថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រទេសកម្ពុជាបាននិងកំពុងត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម នៅឆ្នាំ២០២៣ខាងមុខ ដែលនេះសបញ្ជាក់ឱ្យឃើញថាកម្ពុជា មានការអភិវឌ្ឍ និងរីកចំរើនលើវិស័យកីឡា។ ស្របពេលនេះយុវជនដែលមានឆន្ទះចង់ក្លាយជាជំរើសជាតិ គួរបន្តរក្សាការអភិវឌ្ឍខ្លួន និងហ្វឹកហាត់ ជាប្រ ចាំដើម្បីមានឱកាសបញ្ចេញសមត្ថភាព។

លោក កៅ ថាច ក៏បានស្នើសុំទៅកាន់អាជ្ញាកណ្តាល អ្នករៀបចំកម្មវិធីប្រកួតឱ្យធ្វើការពិនិត្យ និងជ្រើសរើសយុវជនដែលឆ្នើម លេងបានល្អក្នុងចំណោម២០ក្រុម ដែលមាន វត្តមាន ដើម្បីធ្វើការបង្កើតក្រុមថ្មីតំណាងឱ្យស្រុកខ្សាច់កណ្តាលទាំងមូល និងបានស្នើសុំការរៀបចំការប្រកួតថ្មីមួយទៀតរវាងយុវជនស្រុកខ្សាច់កណ្តាល យុវជនស្រុក កៀនស្វាយ និងស្រុកល្វាឯម ដើម្បីដណ្តើមពានរង្វាន់ នៅពេលខាងមុខផងដែរ។

ជាមួយគ្នានេះដោយការបោះឆ្នោត ខិតជិតមកដល់លោកបណ្ឌិត កៅ ថាច ក៏បានស្នើសុំឱ្យយុវជនទៅចូលរួមបោះឆ្នោតទាំងអស់គ្នាដើម្បីបន្តរក្សាសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍសង្គមជាតិ។

សូមបញ្ជាក់ផងដែរថា កម្មវិធីប្រកួតដណ្តើមពានរង្វាន់លោកអគ្គបណ្ឌិតសភាចារ្យ មានចំនួន ២០ក្រុមចូលរួម។ ដោយធ្វើការបែងចែកជាបួនពូល។ ការប្រកូតផ្តាច់ព្រាត់ នឹងធ្វើនៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២២ ខាងមុខនេះ៕