(ញូយ៉ក)៖ ក្រុមហ៊ុន BlackBerry Ltd គ្រោងនឹងចរចារលើការដោះស្រាយបណ្តឹងដែលមានរយៈពេលប្រាំបីឆ្នាំមកហើយ ដោយអះអាងថាខ្លួនបានបោកប្រាស់ម្ចាស់ភាគហ៊ុន ក្នុងការបំប៉ោងភាពជោគជ័យ និងប្រាក់ចំណេញនៃស្មាតហ្វូន BlackBerry 10 ដែលខ្លួនបានបញ្ឈប់ការផលិតជាយូរមកហើយ។

នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២២។

នៅក្នុងសំណុំរឿងក្តីមួយដែលបានផ្ញើទៅកាន់តុលារការស្រុកអាមេរិក ក្នុងទីក្រុង Manhattan បានបង្ហាញថា មេធាវីរបស់ក្រុមហ៊ុន BlackBerry និងម្ចាស់ភាគហ៊ុនបានស្នើឱ្យចៅក្រមពន្យាពេលការកាត់ក្តី ដូច្នេះពួកគេអាចចរចារកដំណោះស្រាយបឋម ដែលទាមទារឱ្យមានការយល់ព្រមពីចៅក្រមជាមុនសិន។ ខណៈដែលចៅក្រមមិនបានឆ្លើយតបទៅនឹងសំណើស្នើសុំខាងលើរបស់ក្រុមហ៊ុននោះទេ។

តាមពិតទៅក្រុមហ៊ុន BlackBerry បានបញ្ឈប់ការផលិតរបស់ខ្លួនតាំងពីឆ្នាំ ២០១៦ មកម្លេះ ស្របពេលដែល BlackBerry 10 ចេញលក់ជាផ្លូវការគឺទទួលបានការរិះគន់ពីអតិថិជនច្រើនមែនទែន។

ទន្ទឹមនឹងបណ្តឹងខាងលើនេះម្ចាស់ភាគហ៊ុនបានចោទប្រកាន់ ក្រុមហ៊ុន BlackBerry ថាបានលាក់បាំងទិន្នន័យការលក់ពិតប្រាកដរបស់ BlackBerry 10 ដែលបណ្តាលឱ្យមានការកើនឡើងនៃតម្លៃភាគហ៊ុន។ ហើយបណ្តឹងនេះក៏បានចាប់ផ្តើមនៅក្នុងខែតុលា ឆ្នាំ២០១៣ ដោយចុងចោទផ្សេងទៀតរួមមាន នាយកប្រតិបត្តិ Thorsten Heins អតីតប្រធានផ្នែកហិរញ្ញវត្ថុ Brian Bidulka និងអតីតប្រធានផ្នែកច្បាប់ Steve Zipperstein ៕