(អាមេរិក)៖ បណ្ឌិត្យសភាចលនាសិល្បៈ និងវិទ្យាសាស្ត្រ បានសម្រេចផ្លាស់ប្តូរកាលវិភាគប្រជុំរបស់ខ្លួន មកថ្ងៃសុក្រស្អែកនេះវិញ ដើម្បីពិភាក្សាជុំវិញករណីម្ចាស់ពានតារាសម្តែងឆ្នើម Will Smith ថាតើនឹងអាចដាក់ពិន័យតារារូបនេះ ក្នុងកម្រិតណាមួយ ជុំវិញសកម្មភាពរបស់គេ ដែលឡើងទៅទះកំផ្លៀង Chis Rock នៅលើឆាក «Oscars»។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Reuters នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២២។

ក្រុមប្រឹក្សាភិបាលនៃបណ្ឌិត្យសភាចលនាសិល្បៈ បានឲ្យដឹងថា ជុំវិញករណីរបស់ Will Smith គឺគ្រោងធ្វើកិច្ចប្រជុំនៅថ្ងៃទី១៨ ខែមេសា ខាងមុខ ប៉ុន្តែដោយសារតែ Will Smith បានដាក់ពាក្យលាលែងពីបណ្ឌិត្យសភាហើយ ទើបពេលវេលាប្រជុំត្រូវបានផ្លាស់ប្តូរ មកថ្ងៃសុក្រនេះវិញ។ គេមិនទាន់ដឹងនៅឡើយទេថា សេចក្តីសម្រេចនឹងទៅជាយ៉ាងណា ប៉ុន្តែតាមការសន្និដ្ឋាន បានឲ្យដឹងថា Will Smith នឹងមិនមានសិទ្ធិទទួលបានពានរង្វាន់នាពេលអនាគតនោះទេ ឬលោកត្រូវហាមឃាត់ពីពិធី Oscars នាពេលអនាគតតែម្ដង។

គួរជម្រាបថា ក្នុងព្រឹត្តិការណ៍ទទួលពានរង្វាន់ដ៏ធំប្រចាំ ក្នុងវិស័យហូលីវូដ «Oscars» លើកទី៩៤ ដែលធ្វើឡើងនៅថ្ងៃទី២៧ កន្លងទៅនេះ តារាសម្តែងល្បីឈ្មោះរបស់អាមេរិក Will Smith បានឡើងទៅលើឆាក ទះកំផ្លៀងពិធីករ Chris Rock មួយដៃ បន្ទាប់ពី Rock និយាយលេងសើច ពីប្រពន្ធរបស់ Will Smith ទាក់ទងនឹងក្បាលគ្មានសក់ ដែលលោកស្រី មានជំងឺជ្រុះសក់ ហើយស្ថិតក្នុងការព្យាបាលជាដំណាក់កាល ពោលគឺមិនមែន លែងស្ទីលឡើយ ខណៈការលេងសើចពីប្រពន្ធរបស់ខ្លួន ធ្វើឲ្យ Will Smith ទទួលយកមិនបាន ទើបមិនអាចទប់កំហឹងជាប់ រហូតឡើងទៅទះ Chris Rock មួយកំផ្លៀងលើឆាកតែម្តង៕