(បរទេស)៖ ក្រុមហ៊ុន General Motors និង Honda Motor បានលើកឡើងនៅថ្ងៃអង្គារថា ពួកគេកំពុងសហការរួមគ្នាក្នុងការផលិតរថយន្តអគ្គីសនីដែលមានតម្លៃទាប ដោយផ្អែកលើវេទិការរួមគ្នាថ្មីមួយ ដើម្បីផលិតរថយន្តអគ្គីសនីដែលមានសក្តានុពលចំនួនរាប់លានគ្រឿងចាប់ពីឆ្នាំ ២០២៧ទៅក្នុងគោលបំណងផ្តួលគូរប្រជែងក្រុមហ៊ុនផលិតរថយន្ត Tesla នាពេលបច្ចុប្បន្ន។

បើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២២ បានឱ្យដឹងថា កិច្ចព្រមព្រៀងសហការគ្នារវាងក្រុមហ៊ុនទាំងពីរនេះនឹងផ្តោតទៅលើការផលិតរថយន្តអគ្គីសនីដែលមាន «តម្លៃសមរម្យ» រួមទាំងរថយន្តប្រភេទ Crossover ខ្នាតតូចដែលត្រូវបានបង្កើតឡើងដោយប្រើប្រាស់បច្ចេកវិទ្យាអាគុយ Ultium ថ្មីរបស់ក្រុមហ៊ុន GM។

ខណៈដែលក្រុមហ៊ុនទាំងពីរ នេះបានរំពឹងខ្ពស់ថា រថយន្តប្រភេទ Crossover ខ្នាតតូចនេះគឺជាវិស័យរថយន្តដែលលក់បានក្នុងចំនួនដ៏ច្រើនជាងគេក្នុងពិភពលោកដែលមានបរិមាណរថយន្តប្រចាំឆ្នាំជាង ១៣លានគ្រឿងឯណោះ។

ដោយឡែក ក្រុមហ៊ុនទាំងពីរនេះមិនបានធ្វើការអត្ថាធិប្បាយបញ្ជាក់នោះទេថាពួកគេនឹងត្រូវបោះទុនក្នុងចំនួនទឹកប្រាក់ប៉ុន្មាន ក្នុងការវិនិយោគទៅលើការសហការថ្មីមួយនេះ៕