(វីឡារៀល)៖ Villarreal យកក្រុមមកពីអាល្លឺម៉ង់ Bayern Munich ១ទល់នឹង០ ធ្វើឲ្យពួកគេមាន ១គ្រាប់ក្នុងដៃ មុនជំនួបជើងទី២ នៅកីឡដ្ឋាន Allianz Arena នាសប្តាហ៍ក្រោយដើម្បីបញ្ចប់ជើងទី២ នៃវគ្គ ៨ក្រុមចុងក្រោយពានរង្វាន់អឺរ៉ុប UEFA Champions League។

អតីតខ្សែប្រយុទ្ធក្លិប AFC Bournemouth គឺកីឡាករ Arnaut Danjuma ដែលបានចូលរួមជាមួយ Villarreal នារដូវកាលនេះ ជាអ្នករកបានគ្រាប់ជ័យជម្នះ ក្រោយពេលចាប់ផ្តើមលេងបាន ១០នាទីប៉ុណ្ណោះនៅរាត្រីឆ្លងចូលថ្ងៃព្រហស្បតិ៍ ទី០៧ ខែមេសា ឆ្នាំ២០២២ (ម៉ោងនៅកម្ពុជា) ដែលជាគ្រាប់បាល់កើតឡើងតែ ១គ្រាប់ប៉ុណ្ណោះរហូតដល់ចប់ការប្រកួត ពេញម៉ោង ៩០នាទី បើទោះបីជាក្រុមជើងឯកអាល្លឺម៉ង់ខិតខំវាយបកយ៉ាងណាក៏ដោយ។

Bayern Munich ដែលជាជើងឯក UCL ឆ្នាំ២០២០ ធ្វើមិនបានល្អឡើយសម្រាប់វគ្គទី១ និងត្រូវរង់ចាំរហូតដល់វគ្គទី២ ទើបអាចស៊ុតចំគោលដៅ នៅពេលដែលតារាជើងស៊ុត Robert Lewandowski ដែលរកបាន ៥១គ្រាប់ទាំងក្នុងក្លិប និងជម្រើសជាតិនារដូវកាលនេះ ព្យាយាមយ៉ាងណាក៏មិនអាចបំបែកប្រព័ន្ធការពារដ៏រឹងមាំរបស់ Villarreal បានដែរ។

Villarreal ដែលជាជើងឯកពាន UEFA Europa League រដូវកាលមុន និងបានលេងស្មើ ១-១ ពេលជួប Manchester United នាជើងទី១ នៃវគ្គ ១៦ក្រុមក្នុងដីផងនោះ ត្រៀមប៉ះជើងទី២ កាត់សេចក្តីនៅកីឡដ្ឋាន Allianz Arena ជាទីដែល Bayern បំបាក់ RB Salzburg ៧ទល់នឹង១ ក្នុងជើងទី២ នៃវគ្គ ១៦ក្រុមចុងក្រោយកន្លងទៅ៕