(ភ្នំពេញ)៖ លោក សំហេង បុរស ប្រធានសហព័ន្ធខ្មែរកីឡាអត្តពលកម្មស្ម័គ្រចិត្ត បានដឹកនាំក្រុមកីឡាករ-កីឡាការិនីអត្តពលកម្មជម្រើសជាតិកម្ពុជា ១ក្រុមចូលរួមកម្មវិធីរត់កម្សាន្ដមួយ ដែលរៀបចំដោយស្ថានទូតបារាំងប្រចាំកម្ពុជាកាលពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២ ដើម្បីអបអរសាទរដំណើរឆ្ពោះទៅការប្រកួតកីឡាអូឡាំពិក ទីក្រុងប៉ារីស នាឆ្នាំ២០២៤ ខាងមុខ។

លោក ហ្សាក់ ប៉ឺឡេត (Jacques PELLET) ឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋបារាំងប្រចាំប្រទេសកម្ពុជា បានបញ្ជាក់ថា ការរៀបចំកម្មវិធីនេះឡើង គឺដើម្បីផ្សព្វផ្សាយ អំពីដំណើរឆ្ពោះទៅការប្រកួតកីឡាអូឡាំពិក ទីក្រុងប៉ារីស នាឆ្នាំ២០២៤ តាមរយៈការដង្ហែរភ្លើងគប់តាមបណ្ដាប្រទេសនីមួយៗ ក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ ដើម្បីបញ្ជ្រាព័ត៌មានពីការត្រៀមខ្លួនធ្វើម្ចាស់ផ្ទះ ហើយត្រៀមបញ្ជូនប្រតិភូ និងអត្តពលិកចូលរួមប្រកួតនៅប្រទេសរបស់ខ្លួន។

លោក សំហេង បុរស បានសម្ដែងនូវសេចក្ដីរីករាយ បន្ទាប់ពីត្រូវបានស្ថានទូតបារាំង អញ្ជើញសហព័ន្ធ ក៏ដូចជាកីឡាករ-កីឡាការិនីចូលរួមរត់កម្សាន្ដក្នុងកម្មវិធីខាងលើ ហើយតាមរយៈកម្មវិធីនេះ លោករំពឹងថា នឹងជំរុញ ក៏ដូចជាបំផុសគំនិតវិជ្ជមានដល់កីឡាករ-កីឡាការិនីអត្តពលកម្មជម្រើសជាតិកម្ពុជា ឲ្យខិតខំប្រឹងប្រែងហ្វឹកហាត់បន្ថែមទៀត ដើម្បីមានឱកាសបានចូលរួមប្រកួតព្រឹត្តិការណ៍ពិភពលោក ៤ឆ្នាំម្ដងនេះ នៅប្រទេសបារាំង នាឆ្នាំ២០២៤។

សូមបញ្ជាក់ថា កម្មវិធីរត់កម្សាន្ដអបអរសាទរដំណើរឆ្ពោះទៅកីឡាអូឡាំពិក ទីក្រុងប៉ារីស ឆ្នាំ២០២៤ នេះ បានរៀបចំទ្រង់ទ្រាយតូចប៉ុណ្ណោះ ដោយមានជនជាតិបារាំង និងសិស្ស-និស្សិតបារាំងនៅកម្ពុជាចូលរួមប្រមាណ ៦០នាក់ និងកីឡាករ-កីឡាការិនី ក៏ដូចជាមន្ដ្រីសហព័ន្ធខ្មែរកីឡាអត្តពលកម្មស្ម័គ្រចិត្តប្រហែល ១០នាក់ ក្នុងនោះក៏មានវត្តមានកីឡាករ ប៉ែន សុគង់ បេក្ខភាពកីឡាអត្តពលកម្មកម្ពុជា ដែលទើបចូលរួមប្រកួតកីឡាអូឡាំពិក ទីក្រុងតូក្យូ ឆ្នាំ២០២០ នៅប្រទេសជប៉ុនផងដែរ៕