(ភ្នំពេញ)៖ បុណ្យភូមិដែលជាកម្មវិធីបុណ្យវប្បធម៍ដ៏ធំមួយ រៀបចំឡើងដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ហើយតែងតែត្រូវបានរៀបចំឡើងនៅដើមខែមេសា តាមទីវត្តអារាមនានាជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ២០១៤មក។ បុណ្យភូមិគឺជាការរៀបចំដោយក្រុមស្ថាបនិកភ្លើងគប់ ក្នុងគោលបំណងដើម្បីលើកស្ទួយ និងផ្សព្វផ្សាយ សិល្បៈវប្បធម៌ខ្មែរ ទៅកាន់ទស្សនិកជនក្នុងស្រុក និងអន្តរជាតិ។

ឆ្នាំ២០២២នេះ បុណ្យភូមិត្រូវបានរៀបចំឡើងកាន់តែពិសេសជាងមុនទៅទៀត ដោយបានរៀបចំឡើងចំនួនពីរសប្តាហ៍ សប្តាហ៍ទីមួយបានប្រារព្ធឡើងយ៉ាងរលូន ប្រកប ដោយភាពជោគជ័យ កាលដើមខែមេសាកន្លងមកនេះ នៅកណ្តាលទីក្រុងភ្នំពេញ នៅមជ្ឈមណ្ឌលច្នៃប្រឌិត Factory Phnom Penh និងគម្រោងខុនដូ Urban Village នៅតាមដងវិថីសម្តេច ហ៊ុន សែន ហៅ ផ្លូវ៦០ម៉ែត្រ និងបានទាក់ទាញពលរដ្ឋសម្រុកទៅលេងច្រើន ជាពិសេសយុវជន។

កញ្ញា រិទ្ធី លំអរពេជ្រ ប្រធានមហោស្រពបុណ្យភូមិ បានឱ្យដឹងថា ឆ្នាំនេះបុណ្យភូមិបានបន្តនាំយកទស្សនីយភាពសិល្បៈបុរាណខ្មែរ និងល្បែងប្រជាប្រិយខ្មែរ ដល់សាធារណជនដែលបានទន្ទឹងរងចាំកម្មវិធីបុណ្យភូមិអស់រយៈពេលជាយូរមកហើយ បន្ទាប់ពីខកខានអស់រយៈពេលពីរឆ្នាំ។ បុណ្យភូមិឆ្នាំនេះទទួលបានភាពជោគជ័យ លើលពីការរំពឹងទុក។

កញ្ញា រិទ្ធី លំអរពេជ្រ បានបន្ថែមថា ពួកយើងសប្បាយចិត្តយ៉ាងខ្លាំងនៅពេលដែលឃើញពូមីង បងប្អូន យុវជន អាចសប្បាយរីករាយជាមួយការប្រគុំតន្ត្រី ការសម្តែង សិល្បៈខ្មែរ ការរាំលេងកម្សាន្ត ការលេងល្បែងប្រជាប្រិយ ព្រមទាំងទទួលទានម្ហូបអាហារឈ្ងុយឆ្ងាញ់ជាច្រើន ក្នុងឱកាសបុណ្យភូមិសប្តាហ៍ទីមួយនេះ។

កញ្ញារិទ្ធី លំអរពេជ្រ ក៏បានលើកបន្ថែមទៀតដែរថា សម្រាប់ប្រជាពលរដ្ឋដែលខកខានមិនបានចូលបុណ្យភូមិសប្តាហ៍ទីមួយនេះ អាចចូលរួមបុណ្យភូមិសប្តាហ៍ទីពីរនៅថ្ងៃទី ៨ ៩ ១០ ខែមេសានេះផងដែរ៕