(កូរ៉េ)៖ បន្ទាប់ពីមានកេរ្តិ៍ឈ្មោះល្បីល្បាញ រីកសុះសាយពេញពិភពលោក នៅពេលនេះតួស្រីក្នុងរឿង «Squid Game» កញ្ញា Jung Ho-yeon ត្រូវបានជ្រើសរើសឲ្យចូលរួមសម្តែងក្នុងរឿងហូលីវូដថ្មីមួយ ក្រោមចំណងជើងថា «The Governesses»។ នេះបើតាមសំដីអ្នកគ្រប់គ្រង Jung Ho-yeon និងត្រូវបានដកស្រង់ចេញផ្សាយ ដោយសារព័ត៌មាន Yonhap នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២២។

បើតាមផលិតកម្ម Saram Entertainment បានឲ្យដឹងថា Jung នឹងសម្តែងក្នុងខ្សែភាពយន្តហូលីវូដមួយ និយាយពីការគ្រប់គ្រង ដែលមានអ្នកបះបោរ មានចំណងជើងថា «The Governesses» របស់ផលិតករល្បីឈ្មោះ Joe Talbot ហើយនាងនឹងសម្តែងជាមួយ Lily-Rose Depp និង Renate Reinsve ដែលជាម្ចាស់ពានរង្វាន់តារាសម្តែងល្អបំផុត នៅមហោស្រពភាពយន្តទីក្រុងកាន ប្រទេសបារាំង សម្រាប់រឿង «The Worst Person in the World» ឆ្នាំ២០២១។

គួរជម្រាបថា តារាកូរ៉េ Jung Ho-yeon ចាប់ផ្តើមមានកេរ្តិ៍ឈ្មោះល្បីល្បាញខ្លាំង តាមរយៈការចូលរួមសម្តែងក្នុងរឿង «Squid Game» ដែលធ្វើឲ្យតារារូបនេះឈ្នះពានរង្វាន់ តារាស្រីឆ្នើម តាមរយៈការសម្តែងរឿងភាគទូរទស្សន៍ ពីកម្មវិធី «Screen Actors Guild Awards»។ ថ្មីៗនេះ Jung Ho-yeon ក៏ទើបតែធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលផងដែរ តាមរយៈការចូលរួមសម្តែង ក្នុងបទ «Out of Time» ដែលជាស្នាដៃទើបតែចេញក្ដៅៗរបស់ The Weeknd៕