(ភ្នំពេញ)៖ បទចម្រៀងដែលកំពុងល្បីខ្លាំង និងតែងតែឮឥតដាច់តាមស្រុកស្រែចំការ និងកម្មវិធីផ្សេងៗ ចាក់រាំលេងកំសាន្តយ៉ាងសប្បាយរីករាយ មានចំណជើងថា «ផ្លូវណាទៅផ្ទះម៉ែក្មេក» ដែល Cover ឡើងវិញដោយ កញ្ញា មាស នីតា ត្រូវបានសម្រេចលុបចេញពី Channel You Tube Neng Norng Music ជាផ្លូវការហើយ បន្ទាប់ពីមានសំណើរយ៉ាងទទូចពីម្ចាស់ដើម គឺកញ្ញា ថាន់ នឿថត តារាចម្រៀងក្នុងផលិកម្ម HB Production ខណៈដែលបទចម្រៀង មានអ្នកចូលទស្សនាប្រមាណ ១៦លានដង បន្ទាប់ពីកញ្ញា មាស នីតា ច្រៀងឡើងវិញ។

តារាចម្រៀងទើបតែមានឈ្មោះល្បី មានរហស្សនាមថា «ចែសារ៉ុង» និងជាអ្នក Cover បទ «ផ្លូវណាទៅផ្ទះម៉ែក្មេក» កញ្ញា មាស នីតា បានសម្ដែងក្ដីសោកស្ដាយ យ៉ាងខ្លាំង ចំពោះការលុបចេញនូវបទចម្រៀង កំពុងមានការគាំទ្រពីសំណាក់ មហាជនទូទៅមួយនេះ និងបានសន្យាជាមួយនឹងអ្នកគាំទ្រថា នាងនឹងឈប់ Cover បទចម្រៀងផ្សេងទៀតចាប់ពីពេលនេះតទៅ។

ស្រីស្រស់ មាស នីតា និយាយថា «សុំទោសបងប្អូនទាំងអស់គ្នា ដែលមិនបានតបឆាតណា ពីបញ្ហាមួយនេះ ខ្ញុំសោកស្តាយដែរ ដែលមានការស្នើឲ្យលុបបទនេះ ចេញពី Channel YouTube : Neng Norng Music ដែលមាន View ទៅដល់ ១៦លាន (ផ្លូវណាទៅផ្ទះម៉ែក្មេក) ដែលនាងខ្ញុំច្រៀងទ្បើងវិញ តែនាងខ្ញុំនឹងនាំបងប្អូនទាំងអស់គ្នា ទទួលនូវអ្វីដែលថ្មីពីនាងខ្ញុំ ហើយនាងខ្ញុំនឹងឈប់ច្រៀង cover ចាប់ពីពេលនេះតទៅ។ អរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការស្រឡាញ់សំឡេង និងកាយវិការរបស់នាងខ្ញុំ។ ចែសារ៉ុងសន្យានឹងនាំបងប្អូនទាំងអស់គ្នា ទទួលនូវអ្វីដែលថ្មីៗ អរគុណសម្រាប់ការដែលស្រឡាញ់រូបនាងខ្ញុំកន្លងមក..!»។

បន្ទាប់ពីសម្ដែងក្ដីសោកស្ដាយហើយនោះ តារាចម្រៀង មាស នីតា បានបញ្ជាក់ថា នាងនឹងមានអ្វីដែលថ្មី ដើម្បីបង្ហាញជូនដល់អ្នកគាំទ្រទាំងអស់ ដែលតែងតែស្រឡាញ់ចូលចិត្តសំឡេង និងការសម្ដែងរបស់នាង ដែលធ្វើឲ្យនាងមានកម្លាំងចិត្ត បង្កើតនូវអ្វីថ្មីៗ និងប្លែកៗបន្ថែមទៀត។

មហាជនទូទៅ និងអ្នកគាំទ្រ ក៏បានសម្ដែងក្ដីសោកស្ដាយជាមួយនឹងកញ្ញា មាស នីតា ផងដែរ នឹងបានលើកទឹកចិត្តដល់រូបនាងឲ្យបន្តខិតខំប្រឹងប្រែង ក្នុងការងារសិល្បៈបន្តទៀត កុំបាក់ទឹកចិត្ត ខណៈអ្នកខ្លះក៏បានលើកឡើងថា បទចម្រៀង «ផ្លូវណាទៅផ្ទះម៉ែក្មេក» បើមិនមានកញ្ញា មាស នីតា ច្រៀងឡើងវិញនោះទេ គឺមិនល្បីឡើយ ប៉ុន្តែពេលបានល្បីធ្វើឲ្យម្ចាស់ដើម មានការអាក់អន់ស្រពន់ចិត្ត ហើយទើបធ្វើឲ្យនេះ ក្លាយទៅជារឿងមួយ គួរឲ្យសោកស្ដាយ៕