(បាងកក)៖ លោក Elon Musk នាយកប្រតិបត្តិក្រុមហ៊ុនផលិតរថយន្ត Tesla ជាលើកដំបូងបានស្ថិតនៅចំណាត់ថ្នាក់កំពូលនៃតារាងកំពូលមហាសេដ្ឋីពិភពលោកថ្មីរបស់ទស្សនាវដ្តី Forbes ខណៈដែលមហាសេដ្ឋីថៃលោក Dhanin Chearavanont បានធ្លាក់ចុះពីលេខ១០៣ ក្នុងចំណាត់ថ្នាក់កាលពីឆ្នាំមុនមកលេខ ១៣៧។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍។

ដោយយោងតាមទស្សនាវដ្តី Forbes កាសែតបាងកកប៉ុស្តិ៍បានរាយការណ៍ថា លោក Musk ដែលបានក្លាយជាមហាសេដ្ឋីទីមួយពិភពលោកនេះ មានទ្រព្យសម្បត្តិសុទ្ធសរុបប្រហែល ២១៩ពាន់លានដុល្លារ។ ទ្រព្យសម្បត្តិសរុបរបស់មហាសេដ្ឋីចំនួន ២.៦៨៨នាក់ ក្នុងពិភពលោកមានចំនួន ១២,៧ទ្រីលានដុល្លារ ធ្លាក់ចុះពី ១៣,១ទ្រីលានដុល្លារកាលពីឆ្នាំមុន។

ចំនួនមហាសេដ្ឋីបានធ្លាក់ចុះពីចំនួន ២.៧៥៥នាក់កាលពីឆ្នាំមុន។ ចំនួនចុងក្រោយបង្អស់នេះ រួមមានទាំងមហាសេដ្ឋីថ្មីចំនួន ២៣៦នាក់ ខណៈដែលមហាសេដ្ឋីថ្មីកាលពីឆ្នាំមុនមានចំនួន ៤៩៣នាក់។

ទន្ទឹមនឹងនេះដែរ មហាសេដ្ឋីចំនួន ៣២៩នាក់បានធ្លាក់ចេញពីបញ្ជីនៅឆ្នាំនេះ ដែលជាចំនួនច្រើនបំផុតក្នុងរយៈពេលមួយឆ្នាំ ចាប់តាំងពីមានវិបត្តិហិរញ្ញវត្ថុឆ្នាំ២០០៩។

នៅក្នុងតំបន់វិញ តំបន់អាស៊ីប៉ាស៊ីហ្វិកមានមហាសេដ្ឋីច្រើនជាងគេដែលមានចំនួន ១.០៨៨នាក់ បន្ទាប់មកគឺសហរដ្ឋអាមេរិកដែលមានចំនួន ៧៣៥នាក់ និងអឺរ៉ុបមាន ៥៩២នាក់។

លោក Kerry A Dolan ជំនួយការនិពន្ធនាយកផ្នែកគ្រប់គ្រងទ្រព្យសម្បត្តិរបស់ទស្សនាវដ្ដី Forbes បានថ្លែងថា៖ «ទីផ្សារភាគហ៊ុនដ៏ច្របូកច្របល់បានចូលរួមចំណែកដល់ការធ្លាក់ចុះយ៉ាងខ្លាំងនៃទ្រព្យសម្បត្តិរបស់មហាសេដ្ឋីជាច្រើននៅលើពិភពលោក»។

លោកបានបន្ថែមថា៖ «តែមានមហាសេដ្ឋីជាង ១.០០០នាក់មានទ្រព្យសម្បត្តិច្រើនជាងឆ្នាំមុន។ គ្រាន់តែកំពូលអ្នកមានបំផុតទាំង២០ មានទ្រព្យសម្បត្តិសរុប ២ទ្រីលានដុល្លារកើនឡើងពី ១,៨ទ្រីលានដុល្លារក្នុងឆ្នាំ២០២១»។

កាសែតបាងកកប៉ុស្តិ៍បានរាយការណ៍ថា លោក Dhanin ដែលជាប្រធានជាន់ខ្ពស់នៃក្រុមហ៊ុនផលិតអាហារ និងកសិកម្មដ៏ធំបំផុតរបស់ប្រទេសថៃ Charoen Pokphand (CP) Group ត្រូវបានគេជឿថាមានទ្រព្យសម្បត្តិចំនួន ១៣,៥ប៊ីលានដុល្លារ ធ្លាក់ចុះពីចំនួនប្រហែល ១៨,១ប៊ីលានដុល្លារក្នុងឆ្នាំ២០២១។ មហាសេដ្ឋីថៃផ្សេងទៀតនៅក្នុងបញ្ជីគឺលោក Charoen Sirivadhanabhakdi ដែលជាប់ចំណាត់ថ្នាក់ទី ១៥៦ ជាមួយនឹងទ្រព្យសម្បត្តិសរុបប្រហែល ១២ប៊ីលានដុល្លារ និងលោក Sarath Ratanavadi ជាប់លេខ ១៦១ ដែលមានទ្រព្យសម្បត្តិប្រហែល ១១,៨ប៊ីលានដុល្លារ៕