(លីម៉ា)៖ ក្រុមបាល់ទាត់ជម្រើសជាតិបេរ៉ូ នឹងត្រៀមខ្លួនសម្រាប់ការប្រកួតជម្រុះផ្តាច់ព្រ័ត្រ 2022 World Cup របស់ពួកគេ ដោយត្រូវប៉ះនឹងក្រុមអូស្ត្រាលី ឬក៏សហព័ន្ធអារ៉ាប់រួម ជាមួយនឹងការបោះជំរុំរយៈពេល ២សប្តាហ៍ និងការប្រកួតលក្ខណៈមិត្តភាពនៅក្នុងប្រទេសអេស្ប៉ាញដែរ។ នេះបើតាមសម្តីគ្រូបង្គោល Ricardo Gareca ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មានស៊ិនហួនាថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២២។

ក្រុមនៅតំបន់អាមេរិកខាងត្បូងមួយនេះ នឹងធ្វើដំណើរទៅដល់ប្រទេសអេស្ប៉ាញនៅថ្ងៃទី២៩ ឬក៏៣០ ខែឧសភា ហើយនឹងត្រូវបោះជំរុំនៅទីក្រុង Barcelona ឬក៏ Murcia នេះបើតាមសម្តីគ្រូបង្គោល Gareca បានប្រាប់ក្នុងសន្និសីទសារព័ត៌មានមួយ។

ការប្រកួតលក្ខណៈមិត្តភាពនៅអេស្ប៉ាញ ឬក៏នៅប្រទេសជិតតំបន់អឺរ៉ុបនោះ គ្រោងជាបណ្តោះអាសន្ន នឹងធ្វើឡើងនៅសប្តាហ៍ដំបូង នៃខែមិថុនាខាងមុខ។

បេរ៉ូ រកបានកៅអីក្នុងការប្រកួតវគ្គជម្រុះផ្តាច់ព្រ័ត្រដោយបានបញ្ចប់ក្នុងលំដាប់ថ្នាក់ទី៥ ក្នុងចំណោមក្រុមប្រកួតជម្រុះចំនួន១០ក្រុមនៅតំបន់អាមេរិកខាងត្បូង។

ការប្រកួតជុំផ្តាច់ព្រ័ត្រ World Cup នឹងប្រារព្ធឡើងនៅប្រទេសកាតា ចាប់ពីថ្ងៃទី២១ ខែវិច្ឆិកា ដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២នេះ៕