(សៀមរាប)៖ កិច្ចប្រជុំក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ (SEAGF-Council) នៅខេត្តសៀមរាប បានចាប់ផ្ដើមជាផ្លូវការហើយ នាព្រឹកថ្ងៃទី០៨ ខែមេសានេះ ក្រោមការដឹកនាំរបស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)។

នេះគឺជាកិច្ចប្រជុំលើកដំបូងនៅកម្ពុជា បន្ទាប់ពីលោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ដ្រៃយ៍ CAMSOC និងជាប្រធាន NOCC ត្រូវបានតែងតាំងជាសហប្រធានក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ ដើម្បីដំណើរការរៀបចំឆ្ពោះទៅធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅកម្ពុជា។

កិច្ចប្រជុំនេះដែរគ្រោងប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ នៅសណ្ឋាគារបុរីអង្គរ ដោយមានប្រតិភូ និងមន្ដ្រីជាន់ខ្ពស់មកពី ៧ប្រទេសចូលរួមផ្ទាល់ រួមមានម្ចាស់ផ្ទះកម្ពុជា ថៃ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី សិង្ហបុរី ហ្វីលីពីន និងឡាវ ខណៈ ៤ប្រទេសផ្សេងទៀតបានចូលរួមប្រជុំតាមប្រព័ន្ធអនឡាញ (ZOOM) រួមមានវៀតណាម មីយ៉ាន់ម៉ា ប្រ៊ុយណេ និងទីម័រខាងកើត។

សម្រាប់របៀបវារៈសំខាន់ៗនៃកិច្ចប្រជុំថ្ងៃដំបូងនេះ គឺផ្ដោតលើគណៈកម្មាធិការអមក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ ដោយជជែកអំពីគណៈកម្មការកីឡា និងបទប្បញ្ញាត្ដិ, គណៈកម្មការវេជ្ជសាស្ដ្រ និង Doping និងគណៈកម្មការស្ដ្រី និងកីឡា។

សូមបញ្ជាក់ថា សម្រាប់ពិធីបើកផ្លូវការនៃកិច្ចប្រជុំដ៏មានសារៈសំខាន់ នៃដំណើរឆ្ពោះទៅព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនៅកម្ពុជានេះ គ្រោងនឹងធ្វើនៅថ្ងៃទី១០ ខែមេសា ក្រោមអធិបតីភាពសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC និងមានការអញ្ជើញចូលពីព្រះអង្គម្ចាស់ Tunka Imran ប្រធានកិត្តិយសអស់មួយជីវិតក្រុមប្រឹក្សា SEAGF-Council, ព្រះអង្គម្ចាស់ Sufri Bolkiah ប្រធានកិត្តិយសអស់មួយជីវិតក្រុមប្រឹក្សា SEAGF-Council និងលោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាសហប្រធានក្រុមក្រុមប្រឹក្សា SEAGF-Council ព្រមទាំងថ្នាក់ដឹកនាំ និងបណ្ដាប្រទេសសមាជិក SEAGF-Council ទាំងអស់ផងដែរ៕