(ភ្នំពេញ)៖ គ្រប់បណ្ដាប្រទេសសមាជិកក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ទាំងអស់ បានឯកភាព និងគាំទ្រទាំងស្រុង ចំពោះការកំណត់ប្រភេទកីឡា ក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ របស់ម្ចាស់ផ្ទះកម្ពុជា។

នេះបើតាមការបញ្ជាក់របស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ក្រោយកិច្ចប្រជុំក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ (SEAGF-Council) នៅខេត្តសៀមរាប បានចាប់ផ្ដើមផ្លូវការ នៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២២ នេះ។

កិច្ចប្រជុំរយៈពេល ៣ម៉ោងពេញ នៅព្រឹកថ្ងៃដំបូងនេះ បានបញ្ចប់ដោយផ្លៃផ្កា បន្ទាប់ពីបណ្ដាប្រទេសទាំងអស់(១១ប្រទេស) បានគាំទ្រចំពោះដំណើរការរៀបចំរបស់កម្ពុជា ក្នុងការត្រៀមខ្លួនធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ជាប្រវត្ដិសាស្ដ្រ នាឆ្នាំ២០២៣ ពិសេសលើការកំណត់ប្រភេទកីឡា ក្រោមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC ក៏ដូចជាលោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ដ្រៃយ៍ CAMSOC និងជាសហប្រធានក្រុមប្រឹក្សា SEAGF-Council។

លោក វ៉ាត់ ចំរើន បញ្ជាក់ថា «លទ្ធផលដែលសំខាន់ជាងគេព្រឹកនេះ គឺការឯកភាពរបស់ប្រទេសទាំងអស់ និងលើកទឹកចិត្តកម្ពុជាថា កម្ពុជាបានត្រៀមលក្ខណៈ និងដាក់ចូលនូវប្រភេទកីឡាបានគ្រប់គ្រាន់ មានន័យថា ប្រទេសទាំងអស់ បានសម្ដែងការរីករាយជាខ្លាំង ចំពោះការត្រៀមលក្ខណៈរបស់កម្ពុជាក្នុងការដាក់នូវប្រភេទកីឡា ដែលមានតាំងពីប្រភេទកីឡាអត្តសញ្ញាណជាតិរបស់ប្រទេសនីមួយៗ ។ អ៊ីចឹង អ្វីដែលគួរឲ្យកត់សម្គាល់ យើងអត់ឃើញមានការតវ៉ា ឬមានការមិនពេញចិត្ត រឿងការងាររៀបចំប្រភេទកីឡានោះទេ គឺប្រទេសទាំងអស់ បានគាំទ្រដល់ការរៀបចំលើកទី១ របស់កម្ពុជា ហើយគេសប្បាយចិត្ត ដោយសារកម្ពុជាធ្វើកិច្ចការដំបូង តែយើងធ្វើបានល្អ ហើយយើងរៀបចំតាមលំដាប់លំដោយ ហើយគោរពទៅតាមធម្មនុញ្ញស៊ីហ្គេម ដែលមានស្រាប់»

«ប៉ុន្ដែក្នុងការរៀបចំការប្រកួតស៊ីហ្គេម ឆ្នាំ២០២៣ ក្នុងប្រភេទកីឡាទាំងអស់ ដែលយើងបានដាក់នេះ គ្មានប្រទេសណាមួយជំទាស់ គឺមានតែការឯកភាព និងការគាំទ្រដល់កម្ពុជាទាំងស្រុង ។ អ៊ីចឹងនេះគឺជាស្មារតីនៃចំណងមិត្តភាព សាមគ្គីភាព រវាងប្រទេសទាំងអស់ នៅក្នុងតំបន់អាស៊ាន ដែលជាសមាជិកស៊ីហ្គេម ហើយមានប្រទេសតិចតួចប៉ុណ្ណោះ ដែលបានស្នើឲ្យយើងដាក់ប្រភេទកីឡាផ្សេងទៀត ដែលយើងអត់មាន ហើយនឹងនឹងខិតខំប្រឹងប្រែងបន្ថែមទៀត នូវអ្វីដែលយើងអាចធ្វើបាន»។ លោក វ៉ាត់ ចំរើន បញ្ជាក់បន្ថែម។

សូមបញ្ជាក់ថា កិច្ចប្រជុំក្រុមប្រឹក្សា SEAGF-Council ខាងលើ គ្រោងរៀបចំរយៈពេល ៣ថ្ងៃ នៅខេត្តសៀមរាប ពីថ្ងៃទី០៨-១០ ខែមេសា ខណៈពិធីបើកផ្លូវការគ្រោងរៀបចំនាថ្ងៃទី១០-មេសា ក្រោមអធិបតីភាពសម្ដេចពិជ័យសេនា ទៀ បាញ់ និងមានការអញ្ជើញចូលពីព្រះអង្គម្ចាស់ Tunka Imran ប្រធានកិត្តិយសអស់មួយជីវិតក្រុមប្រឹក្សា SEAGF-Council, ព្រះអង្គម្ចាស់ Sufri Bolkiah ប្រធានកិត្តិយសអស់មួយជីវិតក្រុមប្រឹក្សា SEAGF-Council និងលោករដ្ឋមន្ដ្រី ថោង ខុន ព្រមទាំងថ្នាក់ដឹកនាំក្រុមប្រឹក្សា SEAGF-Council ជាច្រើនផងដែរ៕