(ភ្នំពេញ)៖ ក្រសួងកិច្ចការនារី និងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៉ិនសួរេន ម.ក បានចុះហត្ថលេខាលើអនុស្សារណៈនៃការ យោគយល់គ្នា ដើម្បីបង្ហាញពីភាពជាដៃគូដ៏សំខាន់រវាងរាជរដ្ឋាភិបាល និងវិស័យឯកជន ក្នុងការរួមចំណែកលើកកម្ពស់សមភាពយេនឌ័រ និងសិទ្ធិស្រ្តីនៅក្នុវិស័យសុខភាព តាមរយៈគម្រោង «លើកកម្ពស់សុខភាព និងហិរញ្ញវត្ថុសម្រាប់ស្រ្តីកម្ពុជា»

ពិធីចុះអនុស្សារណៈនៃការយោគយល់គ្នា បានធ្វើឡើងនៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២២ ក្រោមអធិបតីភាពលោកស្រីកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងលោក Andrew Loh អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន អេ អាយ អេ ខេមបូឌា ក្នុងគោលបំណងប្រយុទ្ធប្រឆាំងនឹងជំងឺមិនឆ្លង ដែលបច្ចុប្បន្នជំងឺមិនឆ្លងនេះកំពុងផ្តល់ ផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាព និងជីវភាពរបស់ប្រជាជនលើពិភពលោក និងនៅប្រទេសកម្ពុជា ជាពិសេសស្ត្រី និងក្មេងស្រី ។

គម្រោងនេះមានរយៈពេល ៥ឆ្នាំ ដែលមានពាក្យស្លោកថា «សុខភាពស្ត្រីល្អ កម្ពុជារឹងមាំ» នឹងផ្តល់អត្ថប្រយោជន៍ផ្ទាល់ដល់ស្ត្រី និងគ្រួសារនៅខេត្តកំពង់ចាម បាត់ដំបង សៀមរាប និងកំពត ហើយផ្តល់អត្ថប្រយោជន៍ដោយប្រយោលដល់ស្ត្រីរាប់ពាន់នាក់ទៀត នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ គម្រោងនេះនឹងត្រូវធ្វើឡើងក្រោមរូបភាពជា វេទិកាផ្សព្វផ្សាយអប់រំផ្ទាល់ និងអនឡាញ រួមទាំងវគ្គបណ្តុះបណ្តាល សិក្ខាសាលា ការចែកខិត្តប័ណ្ណអប់រំ និងសកម្មភាពពាក់ព័ន្ធផ្សេងៗទៀត។

ក្រសួងកិច្ចការនារី និងអេ អាយ អាយ ខេមបូឌា ក៏បានប្តេជ្ញាធ្វើការនេះយ៉ាងជិតស្និទ្ធ ដោយសហការជាមួយក្រសួងស្ថាប័ន រួមមានក្រសួងសុខាភិបាល មន្ទីរពាក់ព័ន្ធ អាជ្ញាធរដែនដី ដើម្បីបង្កើនការយល់ដឹងរបស់ស្រ្តី និងគ្រួសារ អំពីសិទ្ធិទាក់ទងនឹងសុខភាពបន្តពូជ ជំងឺមហារីកមាត់ស្បូន មហារីកសុដន់ មូលដ្ឋានគ្រឹះនៃអាហារូបត្ថម្ភ និងចំណេះដឹងផ្នែកហិរញ្ញវត្ថុ។

លើកឡើងនាឱកាសនោះលោកស្រីកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី បានឱ្យដឹងថា គម្រោងនេះគឺស្របតាម និងគាំទ្រគោលនយោបាយពាក់ព័ន្ធរបស់រដ្ឋាភិបាលក្នុងការលើក កម្ពស់សមភាពយេនឌ័រ និងការទឹកចិត្តដល់ស្ត្រី និងគ្រួសារ។ ក្នុងនាមក្រសួងកិច្ចការនារី លោកស្រីសង្ឃឹមយ៉ាងមុតមាំថា នឹងបង្កើតគំរូការអនុវត្តល្អបំផុត នៅកម្រិត ថ្នាក់ជាតិ ដើម្បីកាត់បន្ថយឧបសគ្គសម្រាប់ស្ត្រី និងសហគមន៍ក្នុងការទទួលបានសេវាសុខភាព និងការយល់ដឹងបានទូលំទូលាយ។

លោក Andrew Loh ក្នុងនាមក្រុមហ៊ុន អេ អាយ អាយ ខេមបូឌា ក៏បានថ្លែងអំណរគុណ និងមានកិត្តិយសក្នុងការចាប់ដៃគូជាមួយក្រសួងកិច្ចការនារី លើគំនិតផ្តួច ផ្តើមមួយនេះ។ លោកអះអាងថា ភាពជាដៃគូនេះសមស្របនឹងគោលបំណងរបស់អេ អាយ អាយ ខេមបូឌា ដើម្បីជួយប្រជាជនកម្ពុជារស់នៅកាន់តែមានសុខភាព និងជីវិតកាន់តែប្រសើរ រួមទាំងធានាថា ស្ត្រីនឹងបានដឹងយ៉ាងច្បាស់អំពីរបៀបរស់នៅប្រកបដោយសុខាមាលភាពល្អរួមមាន៖ សុខភាពផ្លូវកាយ សុខភាពផ្លូវចិត្ត និងហិរញ្ញវត្ថុល្អ ដើម្បីសម្រេចនូវផែនការ ធ្វើស្ត្រីបានក្នុងការរស់នៅប្រកបដោយភាពរីករាយ។

សូមបញ្ជាក់ដែរថា ការចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នាថ្ងៃនឹងពង្រឹងបន្ថែមលើកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់ អេ អាយ អេ ខេមបូឌា ដើម្បីលើកកម្ពស់ស្ត្រីកម្ពុជា។ កម្មវិធី «ស្ត្រីធ្វើបាន» (The Best of Me) ជាកម្មវិធីពិភាក្សានៅលើហ្វេសប៊ុក និងវិទ្យុ ដោយមានការចែករំលែកដំបូន្មានពីអ្នកជំនាញដើម្បីជួយ និងបំផុសគំនិតល្អៗសម្រាប់ស្ត្រី។ យុទ្ធនាការផ្សព្វផ្សាយការយល់ដឹងអំពីជំងឺមហារីកសុដន់ប្រចាំឆ្នាំ Fit For Hope ដែលបានធ្វើឡើងតាំងពីឆ្នាំ២០១៧ គឺដើម្បីលើកទឹកចិត្ត ស្ត្រី ឲ្យស្វែងយល់ពីជំងឺនេះរួមមាន៖ អត្ថប្រយោជន៍ពីការរកឃើញជំងឺនេះបានលឿន ដើម្បីភាពងាយស្រួលក្នុងការព្យាបាល និងមានឱកាសខ្ពស់ក្នុងការជាសះស្បើយ។

ភាពជាដៃគូជាមួយក្រសួងកិច្ចការនារីនេះ ពិតជាស្របតាមគំនិតផ្តួចផ្តើម AIA មួយពាន់លាន របស់ អេ អាយ អេ គ្រុប ដែលមានគោលបំណងជួយមនុស្ស 1,000,000,000នាក់ នៅអាស៊ីឲ្យរស់នៅប្រកបដោយសុខភាព និងជីវិតកាន់តែប្រសើរ។ AIA មួយពាន់លាន បានចាប់ផ្តើមតាំងពីថ្ងៃទី២២ ខែកុម្ភៈ២០២២ ហើយយុទ្ធនាការ នេះ ក៏បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ អេ អាយ អេ ក្នុងការចូលរួមអប់រំ និងបំផុសគំនិតមនុស្សគ្រប់គ្នានៅទូទាំងអាស៊ី ឲ្យយល់ដឹង និងពង្រឹងសុខុមាលភាពផ្លូវកាយ ផ្លូវចិត្ត បរិស្ថាន និងផ្នែកហិរញ្ញវត្ថុ។

ដើម្បីស្វែងយល់បន្ថែមអំពីគម្រោង «លើកកម្ពស់សុខភាព និងហិរញ្ញវត្ថុស្ត្រីកម្ពុជា» និងដំណោះស្រាយធានារ៉ាប់រងអាយុជីវិតរបស់ក្រុមហ៊ុន អេ អាយ អេ (ខេមបូឌា) អាចផ្តល់អត្ថប្រយោជន៍ដល់អ្នក សូមទាក់ទងសេវាកម្មអតិថិជនរបស់ អេ អាយ អេ តាមរយៈលេខ 086 999 242 ឬចូលទៅកាន់គេហទំព័រ aia.com.kh៕