(បរទេស)៖ ក្រុមហ៊ុនផលិតស្មាតហ្វូនរបស់ចិន Oppo ត្រូវបានគេរាយការណ៍ថាកំពុងតែងាកទៅផលិតបន្ទះឈីបសម្រាប់ប្រើលើស្មាតហ្វូនផ្ទាល់ខ្លួនរបស់គេ ដោយរំពឹងថានឹងបង្ហាញខ្លួនជាផ្លូវការនៅកំឡុងឆ្នាំ២០២៣។ ខណៈដែលក្រុមហ៊ុនរបស់ចិនមួយនេះក៏មានគម្រោងក្នុងការសហការរួមគ្នាជាមួយនឹង Google, Apple និង Samsung ក្នុងដំណើរការផលិតបន្ទះឈីបដែរ។

នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Phone Arena នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២២។

ដោយយើងធ្លាប់ដឹងហើយថា Oppo ក៏ធ្លាប់ចូលខ្លួនក្នុងការឌីហ្សាញបន្ទះឈីបដែរ ដោយការពីពេលថ្មីៗកន្លងទៅគេទទួលបានសមិទ្ធផលជាផ្លូវការមួយរួចទៅហើយ នោះគឺដំណើរការឈីប NPU ផ្ទាល់ខ្លួនដែលមានឈ្មោះថា MariSilicon X និងត្រូវបានបំពាក់នៅលើស្មាតហ្វូនម៉ូដែល OPPO Find X5 ។

យោងតាមរបាយការណ៍ IT Home បានឱ្យដឹងថា Oppo កំពុងតែធ្វើការនៅលើមុខងារ Application Processor (AP) ហើយត្រូវបានគេរំពឹងថានឹងប្រកាសចេញនៅឆ្នាំ ២០២៣ ដោយបង្កើតឡើងជាមួយការដាក់ឱ្យប្រើប្រាស់បច្ចេកវិទ្យា 6nm Process របស់ TSMC។ ខណៈដែលក្រុមហ៊ុននេះក៏មានគម្រោងក្នុងកាបង្កើតឈីប SoC ផ្ទាល់ខ្លួនដែរ ដោយមានរួមបញ្ចូលទាំង AP និង ម៉ូដឹមក្នុងនោះដែលត្រូវបានគេរំពឹងថានឹងប្រកាសចេញក្នុងឆ្នាំ២០២៤ បង្កើតឡើងដោយពឹងផ្អែកលើបច្ចេកវិទ្យា 4nm Process របស់ TSMC ផងនោះ។

គួរជម្រាបដែរថា ទន្ទឹមនឹងការបង្កើតបន្ទះឈីបដោយខ្លួនឯងនេះ Oppo ក៏កំពុងតែស្វែងរកអ្នកបង្កើតឈីប និងអ្នកជំនាញ AI ពី ក្រុមហ៊ុនបច្ចេកវិទ្យាដែលមានជំនាញមកដឹកនាំដំណើរការរបស់ខ្លួនដែរ។ ដោយបន្ទះឈីបថ្មីនេះនឹងអនុញ្ញាតឱ្យក្រុមហ៊ុនកាត់បន្ថយការពឹងផ្អែករបស់ខ្លួនទៅលើក្រុមហ៊ុនផលិតបន្ទះឈីបដែលមានស្រាប់ដូចជា Qualcomm និង MediaTek ជាដើម៕