(កូឡុំបូ)៖ អតីតគ្រូបង្គោលក្រុមជម្រើសជាតិកីឡាគ្រីឃីតអង់គ្លេស លោក Chris Silverwood ត្រូវបានតែងតាំងជាគ្រូបង្គោល ក្រុមកីឡាគ្រីឃីតជម្រើសជាតិផ្នែកបុរស របស់ប្រទេសស្រីលង្កា សម្រាប់រយៈពេល២ឆ្នាំ, នេះបើតាមការអះអាងពីស្ថាប័ន Sri Lanka Cricket (SLC) ហើយត្រូវបានចុះផ្សាយ ដោយសារព័ត៌មាន CNA ចេញផ្សាយនាយប់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២២នេះ។

ប្រទេសដែនកោះមួយនេះ មិនមានគ្រូបង្គោលពេញម៉ោងនោះទេ ចាប់តាំងពីអតីតគ្រូបង្គោលសញ្ជាតអាហ្វ្រិកខាងត្បូង Mickey Arthur បានលាលែងពីតំណែង កាលពីឆ្នាំមុន។

លោក Silverwood បានលាលែងពីតួនាទីជាគ្រូបង្គោល ក្រុមជម្រើសជាតិអង់គ្លេស កាលពីខែកុម្ភៈ បន្ទាប់ពីក្រុមបានប្រកួតចាញ់ ក្រុមអូស្ត្រាលី ក្នុងព្រឹត្តិការណ៍ Ashes ក្នុងលទ្ធផល៤-០។

ការទទួលបន្ទុកដឹកនាំដំបូងរបស់លោក ជាមួយក្រុមស្រីលង្កា នឹងត្រូវប្រកួតប៉ះក្រុមបង់ក្លាដេស នៅខែក្រោយ៕