(ភ្នំពេញ)៖ ដោយខកខានក្នុងការប្រារព្ធកម្មវិធី ជួបជុំកម្សាន្តរបស់បុគ្គលិកអស់រយៈពេល២ឆ្នាំ ដោយសារការរីករាលដាលនៃជំងឺកូវីដ១៩ និងដើម្បីជាការចូលរួមអបអរសាទរ បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ ក្រុមហ៊ុនអ័រគីដេ បានរៀបចំជាកម្មវិធីជប់លៀងប្រចាំឆ្នាំ សម្រាប់បុគ្គលិកទាំងអស់ នៃក្រុមហ៊ុនអ័រគីដេ ឌីវែឡុបម៉ិន នៅសណ្ឋាគារលំដាប់ផ្កាយ៥ ជាមួយការរៀបចំខ្លួនតាមបែបជំនាន់ទស្សវត្សទី៦០ ក្នុងគោលបំណងចូលរួមអភិរក្សអត្តសញ្ញាណខ្មែរ។
ដើម្បីញុំងឲ្យកម្មវិធីកាន់តែមានភាពអធិកអធម ក្នុងកម្មវិធីជប់លៀងនេះ ក្រុមហ៊ុនបានរៀបចំជាការសំដែង របាំជូនពរ និង របាំត្រុដិ ពីក្រុមសម្តែងក្រុមវិចិត្រសិល្បៈ។ ក្នុងនោះក៏មានជាការបង្ហាញស្នាដៃសម្តែងរបស់បុគ្គលិកក្រុមហ៊ុនផ្ទាល់ដូចជា៖ ការច្រៀងចម្រៀង ដើរបង្ហាញម៉ូត ការសម្តែងរឿងខ្លី។
បុគ្គលិកដែលរៀបចំខ្លួនលេចធ្លោរជាងគេក្នុងកម្មវិធី ក៏មានជាការផ្តល់រង្វាន់លើកទឹកចិត្តជូនដូចគ្នា ក្រៅពីនោះក៏មានការចាប់រង្វាន់ផ្សងសំណាង យកកាដូអនុស្សាវរីយ៍ជាច្រើនរួមមាន៖ ម៉ូតូ Honda Scoopy សេរ៊ីឆ្នាំ២០២១ ទូរទស្សន៍ ទូរទឹកកក កង្ហាល់ ឆ្នាំងដាំបាយអគ្គីសនី ឆ្នាំងអ៊ុត ម៉ាស៊ីនទឹកក្រឡុក ម៉ាស៊ីនទឹកក្តៅ ម៉ាស៊ីនប៉ូមធូលី និងរង្វាន់ផ្សេងៗទៀតរាប់រយរង្វាន់ សម្រាប់គ្រប់បុគ្គលិកទាំងអស់។
លោកស្រី ខៀវ សស៊ីលៀប នាយិកាប្រតិ្តបត្តិទូទៅ នៃក្រុមហ៊ុនអ័រគីដេ ឌីវែឡុបម៉ិនបានបង្ហាញក្តីសោមនស្សរីករាយយ៉ាងខ្លាំង ដែលមានឱកាសជួបជុំគ្នាម្តងទៀត បន្ទាប់ពីខកខានអស់មួយរយៈកន្លងមក។ លើសពីនេះលោកស្រី បានថ្លែងអំណរគុណដល់បុគ្គលិកទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចការងារ តាមផ្នែកនីមួយៗបានយ៉ាងល្អ និងជំរុញឲ្យក្រុមហ៊ុនមានការវិវឌ្ឍន៍ទៅមុខគួរឲ្យកត់សម្គាល់ និងមានឈ្មោះនៅលើទីផ្សារអភិវឌ្ឍន៍អចលនទ្រព្យ សង្ឃឹមថាបុគ្គលិកទាំងអស់នឹងនៅតែបន្តយកចិត្តទុកដាក់ ស្រឡាញ់ និងបំពេញកាតព្វកិច្ចការងាររបស់ខ្លួន ឲ្យកាន់តែរលូនទៅមុខទាំងអស់គ្នា។
កន្លងមកក្រុមហ៊ុនអ័រគីដេ តែងតែរៀបចំកម្មវិធីជប់លៀង ដំណើរកម្សាន្តទៅកាន់គោលដៅទេសចរណ៍នានា និងកម្មវិធីជួបជុំផ្សេងៗ សម្រាប់បុគ្គលិកទាំងអស់ ក្នុងគោលបំណងផ្សារភ្ជាប់ទំនាក់ទំនងរវាងបុគ្គលិកគ្រប់ផ្នែក ជាមួយថ្នាក់ដឹកនាំក្រុមហ៊ុន៕