(ឡុងដ៏)៖ ការដណ្តើមពានរង្វាន់លីគ Premier League របស់អង់គ្លេសរដូវកាលនេះកាន់តែមានភាពក្តៅឡើងៗ ក្រោយពេលដែលជំនួបស្មើគ្នា ២-២ រវាងក្រុម Manchester City និងហង្សក្រហម Liverpool ចែកគ្នាម្នាក់ បន្ទាប់ពីការស៊ុតបានសម្រេចរបស់កីឡាករ Sadio Mane ធ្វើបាននាកីឡដ្ឋាន Etihad ក្នុងជំនួបសប្តាហ៍ទី៣១ ជើងទី២។

លទ្ធផលស្មើគ្នា ២-២ ដូចកាលជើងទី១ ផងនោះ បានធ្វើឲ្យកាន់តែមានសភាពក្តៅខ្លាំងចំពោះការប្រជែងដណ្តើមពាន PL រដូវកាលឆ្នាំ២០២១-២២ ដ្បិតក្រុមឈរកំពូលតារាង Man City មានត្រឹម ១ពិន្ទុតិចបំផុតក្នុងការនាំមុខ Liverpool ដែលកំពុងមាន ៧៣ពិន្ទុឈរលេខរៀងទី២ ហើយតោខៀវ Chelsea រកបាន ៦២ពិន្ទុក្នុងប្រកួតទី៣០ របស់ពួកគេជាបណ្តោះអាសន្នផងនោះ ខណៈការប្រកួតនៅសល់តែ ៧ប្រកួតសម្រាប់កាត់សេចក្តីបញ្ចប់រដូវកាលនេះ។

ក្នុងជំនួបខ្លាំងប៉ះខ្លាំងនេះដែរ កីឡាករដែលអាចរកបានគ្រាប់ឲ្យក្រុមមាន Kevin de Bruyne ជាមួយនឹង Gabriel Jesus របស់មេឃខៀវ Man City ហើយខ្សែប្រយុទ្ធ Diogo Jota និង Sadio Mane ធ្វើបានឲ្យ Liverpool ដែលបច្ចុប្បន្នកីឡាករ Mohamed Salah កំពុងនាំមុខគេស៊ុតបាន ២០គ្រាប់បណ្តោះអាសន្ននៃលីគ PL។

សម្រាប់ ២ប្រកួតបន្ទាប់ក្រុម Man City ដឹកនាំដោយលោម Pep Guardiola ត្រូវប៉ះ Wolves និង Brighton & Hove Albion ខណៈក្រុមលោក Jurgen Klopp ត្រូវបើកទ្វារផ្ទះដឹកនាំក្រុម Liverpool ប្រជែង ៣ពិន្ទុជាមួយក្រុម Manchester United និងស្ករគ្រាប់ Everton ដ្បិតរដូវកាលមុន Man City រកបាន ៨៦ពិន្ទុដណ្តើមបានពានលីគនេះ៕