(អាមេរិក)៖ តារាហូលីវូដល្បីឈ្មោះលោកស្រី Jada Pinkett Smith ដែលត្រូវបានគេដស្គាល់ថា ជាភរិយារបស់តារាសម្តែង Will Smith ត្រូវបានគេប្រទះឃើញ បង្ហាញខ្លួននៅក្នុងកម្មវិធីមួយ ប្រមូលផ្តុំដោយតារាល្បីៗក្នុងវិស័យភាពយន្ត នៅក្នុងទីក្រុង Las Angeles។ ការបង្ហាញខ្លួនជាសាធារណៈរបស់លោកស្រី Jada Pinkett Smith នៅពេលនេះ គឺជាការបង្ហាញខ្លួនដ៏កម្រមួយ ចាប់តាំងពីប្តីរបស់លោកស្រី ជួបរឿងរ៉ាវចម្រូងសម្រាស់មួយចំនួន លើឆាក «Oscars» នាពេលថ្មីនេះ។
តារាស្រីវ័យ៥០ឆ្នាំ តួសម្តែងក្នុងរឿង «The Matrix: Resurrections» រូបនេះ ត្រូវបានមហាជនដឹងថា បានរក្សាភាពស្ងប់ស្ងាត់ ចាប់តាំងពីប្តីរបស់ខ្លួន ឡើងទៅទះកំផ្លៀង Chris Rock មួយដៃលើឆាកនៃព្រឹត្តិការណ៍ពានរង្វាន់ «Oscars» ឆ្នាំ២០២២ កាលពីថ្ងៃទី២៧ ខែមីនា កន្លងទៅនេះ ខណៈការបង្ហាញខ្លួនរបស់លោកស្រី នាថ្ងៃចុងសប្តាហ៍កន្លងទៅនេះ ត្រូវគេមើលឃើញថា លោកស្រីពិតជាមានទឹកមុខញញឹម សប្បាយរីករាយជាខ្លាំង ជាមួយការជួបជុំមិត្តរួមអាជីពជាច្រើនរូបផ្សេងទៀត ក្នុងវិស័យភាពយន្ត។
គួរជម្រាបថា លោកស្រី Jada Pinkett Smith មានជំងឺជ្រុះសក់ ដែលបច្ចុប្បន្នកំពុងស្ថិតក្នុងការព្យាបាលជាដំណាក់កាល។ ជុំវិញរឿងរ៉ាវចម្រូងចម្រាស់នៃសកម្មភាពរបស់ Will Smith លោកស្រីហាក់មិនឡូកដៃនោះឡើយ ដោយអះអាងថា ជាពេលវេលាសម្រាប់ព្យាបាលជំងឺ។ រហូតមកទល់នឹងពេលនេះ Will Smith ប្តីរបស់លោកស្រី ត្រូវបានថ្នាក់ដឹកនាំកម្មវិធី «Oscars» ដកសិទ្ធមិនឲ្យចូលរួមកម្មវិធីនេះរយៈពេល១០ឆ្នាំ ក្រោយលោកឡើងទៅទះកំផ្លៀង Chris Rock មួយដៃលើឆាកនៃព្រឹត្តិការណ៍នេះ៕