(បរទេស)៖ នាយកប្រតិបត្តិក្រុមហ៊ុន Tesla និង SpaceX លោក Elon Musk ត្រូវបានរាយការណ៍មកថា បានបោះបង់ចោលផែនការរបស់លោក ក្នុងការចូលរួមជាមួយក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Twitter។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNBC នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២។

នាយកប្រតិបត្តិ Twitter លោក Parag Agrawal បានប្រកាសឲ្យនឹងនៅថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ ថា Musk នៅតែជាម្ចាស់ភាគហ៊ុនធំជាងគេរបស់ Twitter ហើយក្រុមហ៊ុននឹងនៅតែបើកចំហរចំពោះការបញ្ចូលលោក Elon Musk ទៅក្នុងក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Twitter។

យ៉ាងណាមិញ គេមិនដឹងនោះឡើយថា តើហេតុអ្វីបានជាលោក Elon Musk សម្រេចបោះបង់ចោលផែនការចូលរួមជាមួយក្រុមប្រឹក្សាភិបាល Twitter បែបនេះ ខណៈលោក Parag Agrawal មិនបានបញ្ជាក់ហេតុផលនៅឡើយ។

គួរជម្រាបថា ថ្មីៗនេះ លោក Elon Musk បានទិញភាគហ៊ុនរបស់ក្រុមហ៊ុន Twitter ចំនួន ៩,២ភាគរយ ដែលមានតម្លៃប្រមាណជិត ៣ពាន់លានដុល្លារអាមេរិក។ ស្របពេលជាមួយគ្នានេះ Twitter ក៏បានប្រកាសជាផ្លូវការថា លោក Elon Musk នឹងទទួលបានកៅអីមួយក្នុងដំណែងជាក្រុមប្រឹក្សាភិបាល ដែលកាន់កាប់ភាគហ៊ុនក្នុងចំនួនដ៏ច្រើនបំផុតរបស់ខ្លួន។ តែយ៉ាងណា ពេលនេះ លោក Elon Musk ស្រាប់តែត្រូវបានរាយការណ៍មកថា សម្រេចបោះបង់ផែនការ ចូលរួមជាមួយក្រុមប្រឹក្សាភិបាល Twitter ទៅវិញ៕