(កាតាឡាំង)៖ ការប្រជែងពានលីគអេស្ប៉ាញ La Liga ក្រុមខ្លាំង FC Barcelona បានតាមវាយបកយ៉ាងស្វិតស្វាញទើបអាចរកបានលទ្ធផលឈ្នះ ៣-២ ទៅលើក្រុម Levante ដែលជាការស៊ុតរបស់ Luuk de Jong ដ្បិត Real Madrid នៅតែឈរលើកំពូលតារាងបណ្តោះអាសន្នដដែល ក្រោយស៊ុត Getafe ២-០ សម្រាប់ការប្រកួតជិតបញ្ចប់រដូវកាលនេះ។

ក្នុងជំនួបនោះដែរ ម្ចាស់ផ្ទះ Levante រកបានការនាំមុខនៅនាទី៥២ ដោយកីឡាករ Morales និង ១គ្រាប់នាំមុខម្តងទៀតដោយ Melero នៅនាទី៨៣ ជាការធ្វើបានដោយការស៊ុតបាល់ពិន័យ ១១ម៉ែត្រដូចគ្នា នៅពេលគូប្រជែង Barca បានព្យាយាមរកគ្រាប់តាមស្មើមកវិញដោយខ្សែប្រយុទ្ធ Aubameyang, Gonzalez និង ១គ្រាប់ចុងម៉ោងយ៉ាងសំខាន់ធ្វើបានដោយ Luuk de Jong នៅនាទី៩០+២។

តាមរយៈលទ្ធផលនេះ បានធ្វើឲ្យក្រុមកំពុងដឹកនាំដោយអតីតកីឡាករឆ្នើមលោក Xavi រកបាន ៦០ពិន្ទុ ឈរលេខ២ ហើយជាក្រុមកំពូលមួយនៅលីគទាំង៥ តំបន់អឺរ៉ុបរដូវកាលនេះ ដែលរកបានជ័យជម្នះ ១១លើក ក្នុងចំណោម ១៥ប្រកួតចុងក្រោយរបស់ពួកគេ តាមពីក្រោយគូប្រជែង Real Madrid ដោយរកបាន ៧២ពិន្ទុ ខណៈការប្រកួតនៅសល់តែ ៧ប្រកួតទៀតត្រូវបញ្ចប់រដូវកាលលីគ La Liga 2021-22។

ក្នុងនោះផងដែរ ក្រុមដែលកំពុងឈរនៅតំបន់កាត់ចេញពីលីគរដូវកាលក្រោយ Levante ពេលនេះមានត្រឹមតែ ២២ពិន្ទុដែលរកបានជ័យជម្នះតែ ៤ប្រកួតប៉ុណ្ណោះ ហើយត្រូវព្យាយាមស្វែងរកជ័យជម្នះមកវិញចំពោះ ៧ប្រកួតចុងក្រោយរបស់ពួកគេ ខណៈត្រូវជួបក្រុមខ្លាំង Real Madrid និងក្រុម Sevilla សម្រាប់ការគេចចេញឲ្យផុតពីតំបន់កាត់ចេញពី La Liga នៅចុងបញ្ចប់រដូវកាលនេះ៕