(សៀមរាប)៖ ក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា ដែលសហការជាមួយភាគីឥណ្ឌាកំពុងចាប់ផ្ដើមដំណើរការជួសជុលខ្លោងទ្វារខាងកើតនៃប្រាសាទតាព្រហ្ម ដែលបានរងការខូចខាតនិងដួលរលំស្ទើរទាំងស្រុងរយៈពេលជាច្រើនសតវត្សមកហើយនោះ ឱ្យមានភាពប្រសើរឡើងវិញ។
ខ្លោងទ្វារខាងកើតរបស់ប្រាសាទតាព្រហ្ម ដែលកសាងឡើងតាំងពីអំឡុងសតវត្សទី១២ រហូតមកដល់ពេលនេះ គឺបានទទួលរងការខូចខាតធ្ងន់ធ្ងរ ដោយសារអាយុកាល ដោយសារកត្តាអាកាសធាតុ និងការបំផ្លាញពីរុក្ខជាតិផ្សេងៗ។
លោកស្រី នេត ស៊ីមន បុរាណវិទូដែលមើលការខុសត្រូវនៅការដ្ឋានជួសជុលខ្លោងទ្វារខាងកើតនោះ បានឱ្យដឹងថា ការងារជួសជុលបានចាប់ផ្តើមនៅឆ្នាំ២០២២នេះ ដោយមានការចូលរួមជាមួយស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា (ASI)។ ការជួសជុលមានការលំបាកខ្លាំងដោយសារតែរចនាសម្ពន្ធសំណង់មានភាពស្មុគស្មាញ ថ្មមួយចំនួនមានការពុកផុយ និងបាត់បង់ ដែលទាមទារឱ្យមានការយកចិត្តទុកដាក់ខ្ពស់ ពិសេសបច្ចេកទេសពង្រឹងនៅតាមផ្នែកទ្រទម្ងន់ និងទប់ជំហរជញ្ជាំងនៃខ្លោងទ្វារឱ្យបានមាំឡើងវិញ។
លោកស្រីបន្តទៀតថា ខ្លោងទ្វារខាងកើតរបស់ប្រាសាទតាព្រហ្មបានការរងខូចខាតខ្លាំងជាងគេនៅក្នុងចំណោមខ្លោងទ្វារចំនួន៤ផ្សេងទៀត ដោយផ្នែកតួខាងលើបានធ្លាក់ទាំងស្រុង។ ដោយសារតែខ្លោងទ្វារមួយនេះខូចខាតធ្ងន់ធ្ងរទើបអ្នកជំនាញត្រូវការថែទាំ និងជួសជុលជាចាំបាច់ ដើម្បីជៀសវាងការឈានទៅដល់ការខូចខាតទាំងស្រុង។ កិច្ចការដំបូង គឺក្រុមការងារបានសិក្សាទៅលើសម្រង់ប្លង់ ស្វែងរកថ្ម ដែលបានធ្លាក់ចុះរប៉ាត់រប៉ាយ ហើយកំណត់រូបរាងរបស់វាឱ្យត្រឹមត្រូវ មុននឹងសម្អាតថ្មទាំងនោះឱ្យស្អាត ហើយយកវាទៅផ្គុំនៅកន្លែងដើមឡើងវិញ៕