(បរទេស)៖ មួយរយៈចុងក្រោយនេះកម្មវិធីចែករំលែកវីដេអូខ្លីៗ TikTok កំពុងតែផ្ទុះការគាំទ្រខាំ្លងមែនទែន បើនិយាយពីប្រាក់ចំណូលពីការផ្សាយពាណិជ្ជកម្មវិញ សេវាកម្មបណ្តាញសង្គមមួយនេះទំនងជាកើនដល់ទៅ ៣ដងឯណោះក្នុងឆ្នាំ ២០២២។ ខណៈដែលវានឹងមានចំនួនច្រើនជាងការលក់រួមបញ្ចូលគ្នាពីសំណាក់ក្រុមហ៊ុនប្រគួតប្រជែងដូចជា Twitter Inc និង Snap Inc បើយោងតាមក្រុមហ៊ុនស្រាវជ្រាវ Insider Intelligence។

នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២។

TikTok ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនចិន ByteDance គឺជាកម្មវិធីប្រព័ន្ធផ្សព្វផ្សាយសង្គមដ៏ពេញនិយមបំផុតមួយរបស់ពិភពលោក ដែលបច្ចុប្បន្ននេះមានអ្នកប្រើប្រាស់សកម្មជាង ១ពាន់លាននាក់។

ចំពោះប្រាក់ចំណូលនៅក្នុងឆ្នាំ ២០២២វិញក៏មិនធម្មតាដែល TikTok ត្រូវបានគេព្យាករណ៍ថារកបានរហូតដល់ទៅ ១១ពាន់លានដុល្លារអាមេរិកឯណោះ ដែលច្រើនជាតម្លៃនៃការលក់រួមបញ្ចូលគ្នារវាង Twitter និង Snapchat ដែលគេរំពឹងថានឹងរកបានត្រឹមតែ ១០.៤៤ពាន់លានដុល្លារអាមេរិកប៉ុណ្ណោះ។

ទន្ទឹមនឹងការកើនឡើងនៃប្រាក់ចំណូលដ៏ច្រើនបែបនេះ ជិត ៦ពាន់លានដុល្លារអាមេរិក ឬច្រើនជាពាក់កណ្តាលនៃប្រាក់ចំណូលសរុបនៃការផ្សាយពាណិជ្ជកម្មក្នុងឆ្នាំនេះ ត្រូវបានគេរំពឹងថាមកពីសហរដ្ឋអាមេរិក៕