(អាំស្ទើដាំ)៖ គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិហូឡង់ លោក Louis van Gaal បានលើកឡើងថា ការព្យាបាលជំងឺមហារីកក្រពេញប្រូស្តាត កម្រិតធ្ងន់របស់លោក បានទទួលជោគជ័យ។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២។

បុរសវ័យ ៧០ឆ្នាំ ដែលជាអតីតអ្នកចាត់ការក្លិប Manchester United និង FC Barcelona រូបនេះ បានបង្ហាញពីការធ្វើរោគវិនិច្ឆ័យរបស់លោក លើកម្មវិធីទូរទស្សន៍ហូឡង់កាលពីដើមខែនេះ។

លោក Van Gaal ដែលស្ថិតក្នុងអាណត្តិទី៣ ក្នុងនាមជាគ្រូបង្វឹកហូឡង់នោះ គ្រោងនឹងដឹកនាំក្រុមរបស់លោក ទៅប្រកួតក្នុងព្រឹត្តិការណ៍ World Cup នៅប្រទេសកាតាចុងឆ្នាំនេះ មុនពេលលោកត្រូវបានជំនួសតំណែងដោយលោក Ronald Koeman។

«ខ្ញុំបានឆ្លងកាត់អ្វីៗគ្រប់បែបយ៉ាង។ ខ្ញុំបានទទួលការព្យាបាលដោយវិទ្យុសកម្មចំនួន ២៥ដង។ បន្ទាប់មកខ្ញុំត្រូវរង់ចាំ ៥ឬ៦ខែ ដើម្បីពិនិត្យមើល ការបំពេញមុខងាររបស់វា។ វាបានសម្រេចហើយ» នេះបើតាមសម្តីលោក van Gaal បានប្រាប់សារព័ត៌មានហូឡង់ ANP។

ហូឡង់ នឹងជួបក្រុមម្ចាស់ផ្ទះកាតា សេណេហ្គាល់ និងអេក្វាឌ័រ ក្នុងការប្រកួតសន្សំពិន្ទុក្នុងពូលនៃព្រឹត្តិការណ៍ World Cup ដែលនឹងចាប់ផ្តើមនៅខែវិច្ឆិកាខាងមុខ ប្រចាំពូល A របស់ពួកគេ៕