(យ៉ាមសួគរ)៖ សហព័ន្ធបាល់ទាត់កូដឌីវ័រ (FIF) បានសម្រេចប្រឆាំងនឹងការផ្តល់កិច្ចសន្យាថ្មីចំពោះគ្រូបង្វឹក Patrice Beaumelle បន្ទាប់ពីកិច្ចសន្យាចាស់របស់លោក ត្រូវបានផុតសុពលភាពនៅថ្ងៃទី០៦ ខែមេសាកន្លងទៅ។ នេះបើតាមការអះអាងពីមន្ត្រី ហើយត្រូវបានចុះផ្សាយ ដោយសារព័ត៌មាន CNA នាថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២។

FIF បានលើកឡើងថា ខ្លួននឹងមិនផ្តល់ឱកាសឲ្យបុរសវ័យ ៤៣ឆ្នាំរូបនេះបន្តកិច្ចសន្យារយៈពេល ២ឆ្នាំនៅក្នុងតំណែងនេះទៀតទេ។

លោក Beaumelle បានបរាជ័យក្នុងការនាំក្រុមកូដឌីវ័រ ឆ្លងកាត់ការប្រកួតជុំទី២ នៃជុំផ្តាច់ព្រ័ត្រពានរង្វាន់ Africa Cup of Nations នាពេលថ្មីៗនេះ នៅប្រទេសកាមេរ៉ូន ចំពេលដែលពួកគេក៏មិនបានឡើងដល់ការប្រកួតជម្រុះផ្តាច់ព្រ័ត្រប្រចាំទ្វីបអាហ្វ្រិក សម្រាប់ព្រឹត្តិការណ៍ World Cup នៅប្រទេសកាតា នាឆ្នាំនេះផងដែរ។

ការប្រកួតបន្ទាប់សម្រាប់ក្រុមជម្រើសជាតិកូដឌីវ័រ នឹងចាប់ផ្តើមការប្រកួតជម្រុះសម្រាប់ព្រឹត្តិការណ៍ 2023 Cup of Nations បើទោះបីជាពួកគេ បានកក់សំបុត្ររបស់ពួកគេរួចទៅហើយ នៅឯការប្រកួតវគ្គផ្តាច់ព្រ័ត្រក្នុងនាមជាម្ចាស់ផ្ទះនោះ៕