(ប៉ារីស)៖ ខ្សែការពារកណ្តាលរបស់ក្លិប Paris St. Germain កីឡាករ Sergio Ramos បានលើកឡើងថា លោកចង់លេងនៅកម្រិតខ្ពស់បំផុត សម្រាប់រយៈពេល ៤ឬ៥ឆ្នាំបន្តទៀត។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២។

កីឡាករវ័យ ៣៦ឆ្នាំរូបនេះបានចូលលេងនៅ PSG កាលពីខែកក្កដា ឆ្នាំមុន លើកិច្ចសន្យាផ្ទេរដោយគ្មានតម្លៃខ្លួន បន្ទាប់ពីចំណាយពេល ១៦ឆ្នាំលេងនៅ Real Madrid ប៉ុន្តែបានលេងត្រឹមតែ ៧ប្រកួតប៉ុណ្ណោះសម្រាប់ក្លិបលេងនៅ Ligue 1 នេះ ដោយសារតែបញ្ហារបួសកំភួនជើង។

កីឡាករលំដាប់អន្តរជាតិសញ្ជាតិអេស្ប៉ាញរូបនេះបានលើកឡើងថា «ខ្ញុំចង់លេងរយៈពេល ៤ឬ៥ឆ្នាំទៀតនៅកម្រិតកំពូល ហើយបន្ទាប់មកនឹងផ្លាស់ប្តូរបទពិសោធន៍មួយទៀត» នេះបើតាមសម្តី Ramos បានប្រាប់ទូរទស្សន៍ Prime Video។

ក្លិប Paris ដែលកំពុងនាំមុខគេនៅ Ligue 1 ដោយមាន ៧១ពិន្ទុពី ៣១ប្រកួត និងមាន ១២ពិន្ទុនាំមុខក្លិប Marseille បច្ចុប្បន្ន៕