(កូរ៉េ)៖ ក្រុមហ៊ុន HYBE ដែលត្រូវបានគេដឹងថា ជាជម្រករបស់ក្រុមចម្រៀងផ្នែកបុរសដ៏ល្បី BTS បានប្រកាសពីថ្ងៃបរិច្ឆេទផ្លូវការ និងព័ត៌មានលំអិតនានា ជុំវិញការបញ្ចេញក្រុមចម្រៀងផ្នែកនារីថ្មីរបស់ខ្លួន។ ខណៈការបញ្ចេញក្រុមចម្រៀងនារីនៅពេលនេះ ត្រូវបានគេដឹងថា បន្ទាប់ពីក្រុមហ៊ុនជោគជ័យខ្លាំង លើការបង្កើតក្រុមចម្រៀងបុរស ដូចជា BTS ជាដើម។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Soompi នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២។

តាមរយៈសេចក្តីប្រកាសរបស់ខ្លួន ក្រុមហ៊ុនខាងលើបានឲ្យដឹងថា ក្រុមចម្រៀងនារីថ្មីរបស់ខ្លួន គឺមានឈ្មោះថា «LE SSERAFIM»។ ក្រុមនេះនឹងបញ្ចេញ Mini AlbumF នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២ខាងមុខ នៅពេលវេលាម៉ោង៦ល្ងាច (ពេលវេលានៅកូរ៉េខាងត្បូង) ហើយក្រុមនេះនឹងធ្វើបទបង្ហាញពិសេសមួយ ទៅកាន់អ្នកគាំទ្រដែលនឹងផ្សាយ នៅវេលាម៉ោង៨ល្ងាចថ្ងៃដដែល។

គួរជម្រាបថា សម្រាប់ការបញ្ជាទិញជាមុន (Pre-orders) សម្រាប់អាល់ប៊ុមចម្រៀងខាងលើនឹងចាប់ផ្តើមនៅ ថ្ងៃទី១៣ ខែមេសា ខាងមុខហើយ ព័ត៌មានបន្ថែមទៀត គឺនៅលើវេទិកាអនឡាញ សម្រាប់ការបង្ហាញអ្នកគាំទ្រលើកដំបូង របស់ក្រុម LE SSERAFIM នឹងត្រូវប្រកាសនៅពេលក្រោយ៕