(បរទេស)៖ កាលពីថ្ងៃអង្គារម្សិលមិញនេះកំពូលមហាសេដ្ឋីលោក Elon Musk ត្រូវបានក្រុមអតីតម្ចាស់ភាគហ៊ុនរបស់ Twitter ជាច្រើននាំគ្នាដាក់ពាក្យបណ្តឹងដោយសារបុរសរូបនេះតែងតែបានពន្យាពេលរហូតមកក្នុងការប្រកាសព័ត៌មានលំអិតអំពីតម្លៃហ៊ុនដែលគាត់ធ្លាប់បានប្រកាសថាបានទិញយកដល់ទៅ៩,២ភាគរយពីក្រុមហ៊ុនបណ្តាញសង្គមយក្ស Twitter កាលពីពេលថ្មីៗនេះ។

បណ្តឹងត្រូវបានរៀបចំនិងបញ្ជូនរួចរាល់ហើយទៅកាន់តុលាការសហព័ន្ធនាទីក្រុង Manhattan ដោយក្នងនោះក្រុមម្ចាស់ហ៊ុនទាំងនោះក៏បានលើកឡើងដែរថា នាយកប្រតិបត្តិក្រុមហ៊ុន Tesla រូបនេះបានចេញសេចក្តីថ្លែងការណ៍ភូតភរ និងខកខានបង្ហាញការពិតអំពីដំណឹងដែលធ្លាប់បានចេញផ្សាយកាលពីថ្ងៃទី២៤ ខែមីនា កន្លងមកអំពីការវិនិយោគរបស់គាត់ទិញយកភាគហ៊ុនដ៏ច្រើនរបស់ Twitter។

រំលឹកដែរថា ក្រោយទទួលបានដំណឹងនេះ ភាគហ៊ុនរបស់ Twitter បានកើនឡើងរហូតទៅដល់ ២៧ភាគរយកាលពីថ្ងៃទី៤ ខែមេសា ទៅដល់ ៤៩,៩៧ដុល្លារក្នុងមួយហ៊ុនពីតម្លៃចាស់ត្រឹមតែ ៣៩,៣១ដុល្លារក្នុងមួយហ៊ុន។

អតីតម្ចាស់ហ៊ុនរបស់ Twitter ជាច្រើននាក់ និងដោយមានការដឹកនាំពីសំណាក់លោក Marc Rasella បានថ្លែងថា៖ការខកខាន និងពន្យាពេលការប្រកាស
ជាសាធារណៈអំពីតម្លៃហ៊ុននៅ Twitter គឺដោយសារតែលោក Elon Musk កំពុងតែខិតខំក្នុងការទិញយកភាគហ៊ុនបន្ថែមទៀតក្នុងតម្លៃកាន់តែទាបហើយ
អាចបំប៉ោងតម្លៃរបស់វាកាន់តែខ្ពស់នៅក្នុងទីផ្សារ៕