(សៀមរាប)៖ អាជ្ញាធរជាតិអប្សរាគ្រោងបើកឱ្យទេសចរចូលទស្សនាសាលរបាំនៅប្រាសាទតាព្រហ្មនាពេលឆាប់ៗខាងមុខនេះ ខណៈគម្រោងជួសជុលសាលរបាំនេះកំពុងស្ថិតក្នុងដំណាក់កាលបិទបញ្ចប់ជាស្ថាពរ។

អ្នកអនុវត្តគម្រោងសហប្រតិបត្តិការឥណ្ឌា-កម្ពុជា ដើម្បីអភិរក្ស និងជួសជុលប្រាសាទតាព្រហ្ម លោក Sing Sood បានឱ្យដឹងថា គម្រោងជួសជុលសាលរបាំនៃប្រាសាទតាព្រហ្មនេះមានរយៈពេល១១ឆ្នាំហើយ គិតត្រឹមឆ្នាំ២០២២នេះ ដែលជាគម្រោងកិច្ចសហប្រតិបត្តិការឥណ្ឌា-កម្ពុជាតាំងពីឆ្នាំ២០១១មក។

លោកថា គម្រោងជួសជុលសាលរបាំនេះពុងស្ថិតក្នុងដំណាក់កាលជិតរួចរាល់ជាស្ថាពរ ដែលបច្ចុប្បន្នក្រុមការងារកំពុងបង្ហើយការងារតូចៗដែលនៅសេសសល់។ ប្រហែល២ខែទៀត សាលរបាំនេះអាចនឹងបើកដំណើរការឱ្យទេសចរចូលទស្សនា។

ទីតាំងនេះ ដើមឡើយជាគំនរថ្មដែលរងការខូចខាតស្ទើរទាំងស្រុង។ ស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា ហៅកាត់ថា (ASI) ដោយមានកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរជាតិអប្សរាបានខិតខំសិក្សាស្រាវជ្រាវ និងរើថ្មពីមួយដំណាក់កាលទៅមួយដំណាក់កាល ដោយការងារជួសជុលនេះចាប់ផ្តើមដំបូងនៅផ្នែកខាងជើង និងរហូតដល់បញ្ចប់បានដោយជោគជ័យគួរជាទីមោទន។ យ៉ាងណាមិញ ដើមឈើធំៗចំនួនពីរដើមនៅផ្នែកខាងត្បូង ត្រូវបានអ្នកជំនាញការអាយស៊ីស៊ី-អង្គរសម្រេចមិនឱ្យដកចេញ និងនៅគំនរថ្មមួយផ្នែកដែលអ្នកជំនាញឱ្យរក្សាទុក ដើម្បីឱ្យអ្នកទេសចរបានឃើញពីស្ថានភាពដើម និងក្រោយពេលជួសជុលទីតាំងមួយនេះ។

លោក Sing Sood បានបង្ហាញអារម្មណ៍រីករាយ និងមានមោទកភាពបំផុត ដែលគម្រោងជួសជុលនេះសម្រេចបានជាផ្លែផ្កា និងក្នុងនាមស្ថាប័នឥណ្ឌាដែលបានចូលរួមជួសជុលប្រាសាទខ្មែរ ដែលមានវប្បធម៌ និងអារ្យធម៌ស្រដៀងគ្នា ហើយលោករីករាយក្នុងការចែករំលែកចំណេះដឹងទាំងការអភិរក្ស និងវប្បធម៌ដល់ពលរដ្ឋខ្មែរផងដែរ។

ក្រៅពីសាលរបាំនៅប្រាសាទតាព្រហ្ម ស្ថាប័ន ASI ក៏កំពុងជួយជួសជុលនូវខ្លោងទ្វារខាងកើត ខាងត្បូង និងគោបុរៈមួយចំនួនទៀត ដែលគម្រោងកិច្ចសហប្រតិបត្តិទាំងនេះគ្រោងនឹងបញ្ចប់នាឆ្នាំ២០២៥។

សូមបញ្ជាក់ថា ប្រាសាទតាព្រហ្មត្រូវបានកសាងឡើងនៅសតវត្សទី១២ ក្រោមស្នាព្រះហស្ដព្រះបាទជ័យវម៌្មទី៧។ រីឯសាលរបាំ មកដល់បច្ចុប្បន្ននេះអ្នកជំនាញនៅមិនទាន់ប្រាកដអំពីឈ្មោះដើមនៅឡើយទេ តែទីតាំងនេះត្រូវបានព្រះបាទជ័យវម៌្មទី៧កសាងឡើងឧទ្ទិសថ្វាយដល់មាតារបស់ទ្រង់៕