(បរទេស)៖ ក្រុមហ៊ុន Alphabet Inc ដែលជាមេធំរបស់ Google បានលើកឡើងនៅថ្ងៃពុធថាខ្លួនគ្រោងវិនិយោគប្រហែល ៩.៥ពាន់លានដុល្លារអាមេរិក នៅទូទាំងការិយាល័យ និងមជ្ឈមណ្ឌលទិន្នន័យរបស់សហរដ្ឋអាមេរិកនៅឆ្នាំនេះ ពោលគឺកើនឡើងពី ៧ពាន់លានដុល្លារអាមេរិកដែលបានវិនិយោគកាលពីឆ្នាំ២០២១។ ខណៈដែលកាលវិនិយោគនេះគឺផ្តោតទៅលើការបើកសាខាថ្មី និងពង្រីកទីតាំងដែលមានស្រាប់។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២។

Google បានបង្ហាញថាការវិនិយោគនៅក្នុងរដ្ឋជាងដប់នេះ នឹងបង្កើតការងារពេញម៉ោងថ្មីយ៉ាងហោចណាស់ ១២,០០០ នៅចុងឆ្នាំនេះ។ ខណៈដែលក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះក៏គ្រោងបោះជំហានទៅបើកការិយាល័យនៅ Atlanta និងពង្រីកមជ្ឈមណ្ឌលទិន្នន័យរបស់ខ្លួនបន្ថែមនៅ Storey County រដ្ឋ Nevada ផងដែរ។

នៅក្នុងរយៈពេលប្រមាណ ៥ឆ្នាំចុងក្រោយនេះ Google បានបញ្ជាក់ថាខ្លួនបានវិនិយោគសាច់ប្រាក់ជាង ៣៧ពាន់លានដុល្លារអាមេរិកនៅក្នុងការិយាល័យ និងមជ្ឈមណ្ឌលទិន្នន័យនៅក្នុងរដ្ឋសរុបចំនួនជាង ២៦រដ្ឋ។

គួរជម្រាបដែលថា សម្រាប់កាលវិនិយោគនេះ កាលពីខែមីនា ឆ្នាំ២០២១កន្លងទៅ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Google បានប្រកាសពីគម្រោងក្នុងការចំណាយប្រាក់ចំនួន ៧ពាន់លានដុល្លារអាមេរិកសម្រាប់ឆ្នាំនេះ ដើម្បីពង្រីកការិយាល័យ និងមជ្ឈមណ្ឌលទិន្នន័យរបស់សហរដ្ឋអាមេរិក រួមទាំងការវិនិយោគ ១ពាន់លានដុល្លារអាមេរិកបន្ថែមទៀតទៅក្នុងរដ្ឋ California របស់ខ្លួនផងដែរ៕