(កូឡុំប៊ី)៖ លោក Freddy Rincon បានទទួលមរណភាពក្នុងវ័យ ៥៥ឆ្នាំ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ដែលរថយន្តរបស់លោក បានបុកជាមួយរថយន្តក្រុងកាលពីថ្ងៃចន្ទ នាទីក្រុង Cali ដែលបណ្តាលឲ្យប៉ះពាល់ក្បាលធ្ងន់ធ្ងរ។ នេះបើតាមការឲ្យដឹងពីសហព័ន្ធបាល់ទាត់ FCF ដែលបានបង្ហាញការសោកស្តាយ និងរំលែកទុក្ខជាមួយក្រុមគ្រួសារបស់អតីតវីរៈបុរសពួកគេនេះ។

លោក Rincon ជាអតីតកីឡាករប្រធានក្រុមជម្រើសជាតិកូឡុំប៊ី ដែលអាចរកបានគ្រាប់ស៊ុតបញ្ចូលទី ១៧គ្រាប់ចាប់តាំងពីឆ្នាំ១៩៩០ ដល់ឆ្នាំ១៩៩៤ និងជាអ្នកស៊ុតគ្រាប់តាមស្មើឲ្យកូឡុំប៊ីរវាងក្រុមបូលីវី ២-២ នៅការប្រកួតជម្រុះ World Cup 1998 សរុបមកលោកបានលេងឲ្យជម្រើសជាតិបានចំនួន ៨៤លើកក្នុងអាជីព។

លោកក៏ជាផ្នែកមួយនៃក្រុមជម្រើសជាតិកូឡុំប៊ី បញ្ចប់ការរង់ចាំរយៈពេល ២៨ឆ្នាំដែលបានឡើងទៅប្រកួតជុំផ្តាច់ព្រ័ត្រ World Cup 1990 និងជាអ្នកស៊ុតគ្រាប់ស្មើ ១-១ ទល់នឹងក្រុមអាល្លឺម៉ង់ខាងលិច នៃប្រកួតសន្សំពិន្ទុប្រចាំពូល D របស់ពួកគេមានសិទ្ធិឡើងទៅជុំ ១៦ក្រុមបន្ត។

ក្នុងនោះនៅអាជីពជាកីឡាករក្លិប លោកធ្លាប់បានលេងឲ្យក្រុមធំៗជាច្រើនមានដូចជា Napoli, Palmeiras, Real Madrid និង Santos ហើយជាអ្នកឈ្នះពាន FIFA Club world Cup 2000 ជាមួយក្រុម Corinthians លើកដំបូងនៃប្រវត្តិសាស្ត្រក្លិបផងដែរ៕