(ក្រុងឡុងដ៍)៖ ក្លិប Burnley បានសម្រេចចែកផ្លូវជាមួយគ្រូបង្វឹក Sean Dyche ហើយ នៅមុនពេលសល់ ៨ប្រកួតក្នុង Premier League ដើម្បីបិទរដូវកាលឆ្នាំ២០២១-២០២២។

លោក Sean Dyche បានដឹកនាំ Burnley លេងឈ្នះតែ ៤ប្រកួតគត់ក្នុងលីគនារដូវកាលនេះ ក្នុងចំណោម ៣០ប្រកួតរបស់ពួកគេ ក្រៅពីស្មើ ១២ដង និងចាញ់ ១៤ដង ឈរនៅលេខរៀងទី១៨ ក្នុងតំបន់កាត់ចោលជាមួយនឹង ២៤ពិន្ទុ ជាមួយនឹងការបរាជ័យ ៥ប្រកួតជាប់ៗគ្នាផងដែរ ក្នុងចំណោម ៦ប្រកួតចុងក្រោយនៅ Premier League។

លោក Dyche បានក្លាយជាអ្នកចាត់ការទូទៅបានយូរ ១រូបផងដែរនៅ Premier League ដែលបានចំណាយពេលធ្វើការនៅកីឡដ្ឋាន Turf Moor គិតចាប់តាំងពីខែតុលា ឆ្នាំ២០១២ មក។

ការបញ្ចប់តំណែងលោក Sean Dyche ត្រូវបានលោក Alan Pace ម្ចាស់ក្លិប Burnley លើកឡើងថា «វាជាការសម្រេចចិត្តដ៏លំបាកមួយផងដែរ ក៏ប៉ុន្តែយើងត្រូវតែធ្វើរឿងនេះ ដើម្បីជួយសង្រ្គោះក្លិបឡើងវិញ»។

សូមរំលឹកផងថា ១ប្រកួតចុងក្រោយរបស់លោក Sean Dyche ក្នុងនាមជាគ្រូបង្វឹក Burnley នៅពេលចាញ់ក្រុមម្ចាស់ផ្ទះ Norwich City ២ទល់នឹង០ ក្នុងលីគកាលសប្តាហ៍មុន គ្រាដែលកិច្ចសន្យាចាញ់របស់លោកនឹងផុតកំណត់ជាមួយ Burnley រហូតឆ្នាំ២០២៥ ដែលលោកទើបបានចុះកិច្ចសន្យាកាលខែកញ្ញាឆ្នាំទៅ៕