(ក្រុងឡុងដ៍)៖ ទាំងខ្សែបម្រើ Kevin de Bruyne និងខ្សែការពារ Kyle Walker កំពុងស្ថិតក្នុងភាពសង្ស័យ នៅពេលមេឃខៀវ Manchester City ត្រូវប៉ះក្រុមខ្លាំង Liverpool នាម៉ោង ២១៖៣០នាទីយប់ (ម៉ោងនៅកម្ពុជា) ថ្ងៃសៅរ៍ ទី១៦ ខែមេសា ឆ្នាំ២០២២ នៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពាន FA Cup នៅកីឡដ្ឋាន Wembley។

នេះជាការជួបគ្នាលើកទី២ ក្នុងរយៈពេល ២សប្តាហ៍ ដ្បិតកាលសប្តាហ៍មុនបានបញ្ចប់ក្នុងលទ្ធផលស្មើគ្នា ២-២ ក្នុងជើងទី២ នៃ Premier League នៅទឹកដី Etihad និងទើបដណ្តើមបានកៅអីវគ្គ ៤ក្រុមចុងក្រោយនៅ UCL ផងដែរ ក្រោយពេលទម្លាក់ Atletico Madrid។

ក្នុងជំនួបធំកាលពីពាក់កណ្តាលសប្តាហ៍នេះ ទាំងខ្សែបម្រើសំខាន់ Kevin de Bruyne និង Kyle Walker ត្រូវបានប្តូរចេញផងដែរ នៅពេលជួបបញ្ហារបួស និងមិនបានចូលរួមហ្វឹកហាត់ជាមួយក្រុម City ទេ គិតចាប់តាំងពីត្រឡប់មកពីប្រទេសអេស្ប៉ាញ។

លោក Pep Guardiola អ្នកចាត់ការទូទៅក្លិប Man City បានថ្លែងក្នុងសន្និសីទថា «យើងកំពុងរង់ចាំមើលពីស្ថានភាពរបស់ De Bruyne និង Walker នៅថ្ងៃសៅរ៍នេះ នៅពេលដែល De Bruyne មានបញ្ហាក្រលឿន និង Walker វិញនោះ មានបញ្ហារបួសរមួលសាច់ដុំ»។

តែយ៉ាងណា គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញខាងលើនេះក៏បានបង្ហាញភាពវិជ្ជមានចំពោះវត្តមានរបស់ខ្សែការពារ Ruben Dias ដែលបានចូលហ្វឹកហាត់ជាមួយក្រុមវិញ ក្រោយអវត្តមានតាំងពីខែមីនា ឆ្នាំ២០២២ ដោយសារបញ្ហារបួសភ្លៅ៕