(បរទេស)៖ បន្ទាប់ពីលោក Elon Musk បានផ្តល់ជូនការស្នើសុំទិញយកក្រុមហ៊ុន Twitter ក្នុងតម្លៃ ៤៣ពាន់លានដុល្លារជាសាច់ប្រាក់សុទ្ធមក ស្រាប់តែក្រុមហ៊ុន Twitter មិនបានសប្បាយចិត្តនឹងការផ្ដល់ជូននេះទេ ផ្ទុយទៅវិញបានកំណត់សិទ្ធិសម្រាប់លោក Elon Musk ក្នុងការទិញយកភាគហ៊ុនថែមទៀតផង។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២ បានឲ្យដឹងថា ក្រុមហ៊ុនវិនិយោគទុនឯកជនអាមេរិក Thoma Bravo ដែលជាវិនិយោគលើក្រុមហ៊ុនបច្ចេកវិទ្យាធំៗ បាននិងកំពុងស្វែងរកលទ្ធភាព និងឱកាសក្នុងការដេញថ្លៃទិញយក Twitter។

ប្រភពព័ត៌មានដែលជិតស្និទ្ធបានបង្ហើបឲ្យដឹងថា ក្រុមហ៊ុន Thoma Bravo កំពុងរៀបចំសំណើដេញថ្លៃទិញយក Twitter ប៉ុន្តែមិនបានបញ្ជាក់ថា នឹងផ្តល់ជូនក្នុងតម្លៃប៉ុន្មាននោះទេ ហើយក៏ប្រហែលជាមិនបង្ហាញជាសាធារណៈផងដែរ។

ពាក់ព័ន្ធនឹងករណីនេះ អ្នកនាំពាក្យរបស់ Thoma Bravo មិនបានឆ្លើយតបចំពោះការសុំបំភ្លឺពីសំណាក់ Reuters នោះទេ ប៉ុន្តែសារព័ត៌មាន The New York Post បានបញ្ជាក់ថា ព័ត៌មានខាងលើគឺជាការពិត។

Twitter បាននិយាយកាលពីថ្ងៃសុក្រថា ខ្លួនបានប្រើប្រាស់កំណត់សម្រាប់ម្ចាស់ភាគហ៊ុនគ្រប់គ្នាគឺមិនអាចកាន់កាប់ហ៊ុនលើសពី ១៥ភាគរយឡើយ។ ការកំណត់នេះត្រូវបានគេមើលឃើញថា បានធ្វើឡើងដើម្បីទប់ស្កាត់មហិច្ឆតារបស់ លោក Elon Musk ដែលកំពុងចង់បាន Twitter ជាជាក្រុមហ៊ុនឯកជន។

គួរបញ្ជាក់ផងដែរថា Thoma Bravo បច្ចុប្បន្នមានទ្រព្យសកម្ម ដែលមានតម្លៃរហូតដល់ ១០៣ពាន់លានដុល្លារអាមេរិក និងមានតម្លៃនៅលើទីផ្សាររហូតដល់ ១,៣ទ្រីលានដុល្លារអាមេរិក៕