(តូរីន)៖ ក្លិបកំពូលអីតាលី Juventus បានប្រកាសថា កិច្ចព្រមព្រៀងថ្មីមួយបានធ្វើឡើងជាមួយកីឡាករខ្សែបម្រើឆ្នើម Juan Cuadrado រហូតដល់រដូវកាល ២០២២-២០២៣ ខណៈរូបគេនិងផុតកំណត់កិច្ចសន្យាចាស់នៅបញ្ចប់រដូវកាលនេះ ដែលស្ថិតក្នុងលីគអីតាលី Serie A។

បច្ចុប្បន្ននៃរដូវកាលនេះខ្សែបម្រើសញ្ជាតិកូឡុំប៊ី Cuadrado បង្ហាញខ្លួនបាន ៤០ប្រកួតគ្រប់កម្មវិធីរបស់ក្លិប Juventus រកបាន ៥គ្រាប់ ខណៈវ័យកាន់តែចាស់ក៏ពិតមែនក្លិបក៏នៅមានការចាប់អារម្មណ៍លើការបន្តពិភាក្សាកិច្ចព្រមព្រៀងថ្មីដល់ឆ្នាំ២០២៤ ទៀតផងដែរក្នុងលក្ខណ្ឌប្រាក់ខែទាប ហើយនេះក៏ជាកិច្ចសន្យាទីពីររបស់កក្លិប Juventus បន្ទាប់ពីបានព្រមព្រៀងជាមួយអ្នកចាំទី Mattia Perin ដល់ឆ្នាំ២០២៥។

បញ្ជាក់ផងថា គិតមកទល់ពេលនេះ Juan Cuadrado លេងបាន ២៦២ប្រកួតហើយជាមួយក្លិប Juventus ចាប់តាំងពីរដូវកាល២០១៥-២០១៦ មកដល់ពេលនេះ សរុបរកបាន ២៤គ្រាប់បណ្តោះអាសន្ន ហើយរួមចំណែកជួយក្លិបលើកពាន Serie A បានចំនួន ៥រដូវកាល ក៏ដូចជាពាន Coppa Italia ៤លើក, Supercoppa Italiana ២លើក និងរង់ជើងឯក Champions League 2016-17 បានមួយលើកផងដែរ៕