(ម៉ូនិច)៖ ក្រុមខ្លារខិន Bayern Munich បានយកឈ្នះក្រុមក្បែរបាតតារាង Arminia Bielefeld ដោយស្រួលក្នុងលទ្ធផល ៣ទល់នឹង០ នៅនារាត្រីថ្ងៃអាទិត្យ ទី១៧ ខែមេសា ឆ្នាំ២០២២ ដើម្បីរំកិលខ្លួនកាន់តែជិតក្នុងការគ្រងតំណែងជើងឯក Bundesliga ជាលើកទី១០ ជាប់ៗគ្នា។
គិតត្រឹមសប្តាហ៍ទី៣០ ជើងទី២ នេះ ក្រុមការពារតំណែងជើងឯក Bayern Munich រកបាន ៧២ពិន្ទុ នាំមុខកំពូលតារាងដាច់ ៩ពិន្ទុបើប្រៀបធៀបនឹងក្រុមលេខ២ Borussia Dortmund។ នេះមានន័យថា ពួកគេត្រូវការតែ ៣ពិន្ទុក្នុងចំណោម ៤ប្រកួតទៀតដែលនៅសល់ ក្នុងការឈ្នះជើងឯកលីគជាលើកទី១០ ជាប់ៗគ្នា។
Bayern Munich ត្រូវប៉ះ Borussia Dortmund ដែលមានកីឡាករសំខាន់ Erling Haaland នាថ្ងៃទី២៣ ខែមេសាចុងសប្តាហ៍នេះ ដើម្បីប្រជែងយក ៣ពិន្ទុនៅកីឡដ្ឋាន Allianz Arena មុនឈានទៅលើកពានលីគកំពូលអាល្លឹម៉ង់នារដូវកាលនេះជាបន្តទៀត។
៣គ្រាប់របស់ក្រុមដែលទើបធ្លាក់ចេញពី UEFA Champions League ក្រោមថ្វីជើងរបស់ Villarreal ដ៏គួរឲ្យភ្ញាក់ផ្អើលត្រឹមវគ្គ ៨ក្រុមនោះ កើតឡើងដោយបាល់ធ្វេសប្រហែសចូលទីខ្លួនឯងរបស់កីឡាករចាំទី Laursen នៅមុនពេល Gnabry បន្ថែមគ្រាប់ទី២ នៅចុងម៉ោងនៃវគ្គទី១ និង Jamal Musiala រកបានគ្រាប់ទី៣ ចុងម៉ោង និងជាគ្រាប់បាល់ទី៣ ក្នុងរដូវកាលនេះរបស់គេផងដែរសម្រាប់ Bayern Munich៕