(ភ្នំពេញ)៖ អនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងសាលាអន្តរជាតិ Singapore (Cambodia) International Academy, ក្រុមហ៊ុន Siemens Industry Software Pte. និង STEAMING Cambodia (SC) ត្រូវបានចុះហត្ថលេខា នៅថ្ងៃទី២0 ខែមេសា ឆ្នាំ២០២២។ កម្មវិធីនេះ ត្រូវបានធ្វើឡើងនៅសាលាអន្តរជាតិ Singapore (Cambodia) International Academy, អគារខុនដូ One Park ផ្លូវ ៣៣៦ រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមជាសាក្សី ពីលោកស្រីឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំកម្ពុជា Teo Lay Cheng ។

អនុស្សរណៈនៃការយោគយល់គ្នា (MoU) បានអនុញ្ញាតឱ្យសាលាអន្តរជាតិ Singapore (Cambodia) International Academy ក្លាយជាដៃគូផ្តល់ចំណេះដឹង ព្រមទាំងអាចប្រើប្រាស់បច្ចេកវិទ្យារបស់ក្រុមហ៊ុន Siemens Digital Industries Software (DISW) ដើម្បីអាចទទួលស្គាល់ជាផ្លូវការលើការផ្តល់ចំណេះដឹងទៅកាន់ សិស្សានុសិស្សរបស់សាលាអន្តរជាតិ SCIA លើការសិក្សាផ្នែកវិស្វកម្ម បច្ចេកវិទ្យា និង ឌីជីថល ដែលបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ឧស្សាហកម្ម៤.០។ ក្រុមហ៊ុន STEAMING Cambodia (SC) នឹងជួយគាំទ្រដល់សាលាអន្តរជាតិSCIA ជាមួយនឹងកម្មវិធីsoftware ក៏ដូចជាសេវាកម្មដទៃទៀតផងដែរ។

លោកស្រី Teo បានថ្លែងថា «ពិភពលោកកំពុងឈានចូលដល់យុគសម័យនៃភាពមិនប្រាកដប្រជាជាខ្លាំង មុនពេលនៃការរាតត្បាតនៃជំងឺកូវីដ-១៩។ ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមនាពេលខាងមុខ ប្រព័ន្ធនៃការអប់រំនឹងដើរតួយ៉ាងសំខាន់បំផុតក្នុងការដោះស្រាយបញ្ហាទាំងនោះ»

លោកស្រីបន្តថា ការចុះ MoU នឹងនាំមកនូវវឌ្ឍនភាពនៃការផ្តល់ចំណេះដឹងដល់សាលាអន្តរជាតិSCIA ជាមួយនឹងបច្ចេកវិទ្យាដ៏ទំនើបរបស់ក្រុមហ៊ុន Siemens គឺជាការបោះជំហានឆ្ពោះទៅរកគោលដៅដ៏ត្រឹមត្រូវមួយ។

«យើងជឿជាក់ថាសាលាអន្តរជាតិ SCIA ក្រុមហ៊ុន Siemens និង STEAMING Cambodia មានទស្សនៈវិស័យតែមួយក្នុងការផ្តល់នូវកម្មវិធីសិក្សាដែលផ្តោតសំខាន់ទៅលើអ្នកសិក្សា ហើយយើងនឹងខិតខំផ្តល់ឱ្យសិស្សានុសិស្សរបស់យើងនូវកម្មវិធី STEM ដែលពោរពេញទៅដោយភាពទាក់ទាញ និងមានគុណភាពខ្ពស់»។ នេះជាការលើកឡើងរបស់លោក Tan Wee Pin នាយកគ្រប់គ្រងសាលាអន្តរជាតិSCIA ។

លោកបន្តថា តាមរយៈការសិក្សាកម្មវិធីsoftware ក្នុងកំឡុងពេលដែលសិស្សកំពុងរៀនសូត្រ វាពិតជាអាចជួយឱ្យពួកគាត់ទទួលបាននូវបទពិសោធន៍ដែលពួកគាត់ត្រូវការ និងជំនាញបច្ចេកវិទ្យា ដែលពិតជាមានសារៈសំខាន់បំផុតក្នុងការបំពេញនូវភាពខ្វះខាតនៃជំនាញនីមួយៗ។

បើតាមលោក Chum Borey នាយកគ្រប់គ្រង ក្រុមហ៊ុន SC បានថ្លែងដែរថា «ក្នុងនាមជាដៃគូផ្តល់ចំណេះដឹង និងពាណិជ្ជកម្មរបស់ក្រុមហ៊ុន Siemens, STEAMING Cambodia (SC) ប្តេជ្ញា ផ្តល់ជូនសិស្សានុសិស្សទាំងក្មេង មនុស្សពេញវ័យ លោកគ្រូអ្នកគ្រូ និងអ្នកជំនាញអាជីពជាមួយនឹងដំណោះស្រាយទាក់ទងនឹងបញ្ហា Software ដែលមានអាជ្ញាប័ណ្ណ ថ្នាក់បណ្តុះបណ្តាល និងវិញ្ញាបនបត្រទទួលស្គាល់ជាលក្ខណៈអន្តរជាតិ ដើម្បីអាចជំរុញឱ្យជំនាញរបស់ពួកគេ ក្លាយទៅជាអ្នកដោះស្រាយបញ្ហានៃពិភពលោកនេះយ៉ាងពិតប្រាកដ»

លោកបន្ថែមថា ភាពជាដៃគូរវាងក្រុមហ៊ុនបច្ចេកវិទ្យា Siemens និង សាលាអន្តរជាតិSCIA ដែលជាស្ថាប័នអប់រំបានផ្ដល់ឱកាសដល់អ្នកសិក្សាទាំងអស់នៅសាលា អេសស៊ីអាយអេ (SCIA) ទទួលបាននូវជំនាញបច្ចេកវិទ្យាដើម្បីបង្កើតនូវដំណោះស្រាយដែលផ្តោតសំខាន់ទៅលើបុគ្គល និង ដំណោះស្រាយដែលស្របតាមតម្រូវការជាចំាបាច់សម្រាប់ពេលបច្ចុប្បន្ន និងពេលអនាគត។

លោក Alex Teo Swee Guan អនុប្រធាន និងជានាយកគ្រប់គ្រងប្រចាំតំបន់អាស៉ីអាគ្នេយ៍នៃក្រុមហ៊ុន Siemens Digital Industries Software បានថ្លែងថា «ក្រុមហ៊ុន Siemens នឹងជំរុញលើកទឹកចិត្ត សិស្សានុសិស្សទាំងអស់ ឱ្យបង្កើតបាននូវអនាគតប្រកបដោយនិរន្តរភាព នៃភាពច្នៃប្រឌិតឱ្យបានប្រសើរជាងនេះ»

លោកបន្តថា សិស្សានុសិស្សទាំងអស់ត្រូវតែត្រៀមខ្លួនរួចរាល់ សម្រាប់ការជំរុញឱ្យមានការផ្លាស់ប្តូរដ៏រហ័ស ប្រកបដោយប្រសិទ្ធភាព និងមានជំនាញក្នុងការបំប្លែងគំនិតរបស់ពួកគេ ប្រកបដោយគំនិតច្នៃប្រឌិត នាពេលអនាគត។ កម្មវិធីតាមរយៈផ្នត់គំនិតបែបឌីជីថល និងភាពពិតជាក់ស្តែងក្នុងសង្គម ទាំងនេះអាចឱ្យសិស្សានុសិស្សរបស់យើងទទួលបាននូវជំនាញវិជ្ជាជីវៈយ៉ាងពិប្រាកដ ដ៏សំខាន់សម្រាប់ពេលអនាគត។

សាលាអន្តរជាតិ Singapore (Cambodia) International Academy ដែលជាសមាជិកនៃ Singapore Institute of Management ដែរបានផ្តល់ជូននូវកម្មវិធីសិក្សាតែមួយគត់ដែលរួមបញ្ចូលគ្នារវាងកម្មវិធីសិក្សាតាមបែបសិង្ហបុរី និងខេមប្រ៊ីជ។ ជាមួយនឹងកម្មវិធីសិក្សាដ៏ពិសេសរបស់ STEM (វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា) សាលាអន្តរជាតិSCIA បានរៀបចំសិស្សានុសិស្សឱ្យចាប់យកសមត្ថភាពក្នុងការបង្កើតការយល់ដឹងអំពីព័ត៌មាន ភស្តុតាងសម្រាប់វាយតម្លៃ និងដោះស្រាយបញ្ហាប្រឈមនានា តាមរយៈវិធីសាស្ត្រនៃបទពិសោធន៍ដែលមាននៅក្នុងកម្មវិធីអប់រំ STEM ។

ក្រុមហ៊ុន STEAMING Cambodia (SC) គឺជាដៃគូផ្តល់ចំណេះដឹង និងដៃគូពាណិជ្ជកម្មផ្លូវការជាមួយក្រុមហ៊ុន Siemens។ ចក្ខុវិស័យរបស់ក្រុមហ៊ុន STEAMING Cambodia (SC) គឺដើម្បីជំរុញឱ្យអ្នកដែលមានទេពកោសល្យផ្នែកឌីជីថល និងអ្នកដែលមានភាពច្នៃប្រឌិតជំនាន់ក្រោយ ដោយធ្វើការជួយគាំទ្រដល់ស្ថាប័ផ្តល់ចំណេះដឹងជាច្រើន សាលាអន្តរជាតិកម្រិត K-12 និងនិសិត្សសកលវិទ្យាល័យមួយចំនួន ដែលទទួលបានអាជ្ញាប័ណ្ណពី Siemens កម្មវិធីបណ្តុះបណ្តាល និងកម្មវិធីសិក្សាដែលផ្តល់នូវសញ្ញាបត្រដែលត្រូវបានគេទទួលស្គាល់ច្បាស់លាស់។ ក្រុមហ៊ុន SC ក៏ផ្តល់នូវដំណោះស្រាយ Software តាមបែបឌីជីថលនីយកម្ម ទៅកាន់ក្រុមហ៊ុនជាច្រើនផ្សេងទៀតក្នុង វិស័យឧស្សាហកម្មដោយឆ្ពោះទៅកាន់ដំណើរឌីជីថល។

អនុស្សរណៈនៃការយោគយល់គ្នា (MoU) ត្រូវបានចុះហត្ថលេខា នៅវេលាម៉ោង ១១៖០០ ថ្ងៃពុធ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ នៅសាលាអន្តរជាតិ Singapore (Cambodia) International Academy, អគារខុនដូ One Park ផ្លូវ ៣៣៦ រាជធានីភ្នំពេញ ប្រទេសកម្ពុជា៕

MoU ត្រីភាគី ត្រូវបានចុះហត្ថលេខារវាងលោក Alex Teo មកពីក្រុមហ៊ុន Siemens Industry Software Pte Ltd (អង្គុយខាងឆ្វេង), លោក Tan Wee Pin មកពីសាលាអន្តរជាតិ SCIA (អង្គុយកណ្តាល) និងលោក Chum Borey មកពីក្រុមហ៊ុន STEAMING Cambodia (អង្គុយកណ្តាល) ហើយធ្វើជាសាក្សីដោយលោកស្រីឯកអគ្គរដ្ឋទូត Teo

រូបថតជាក្រុមជាមួយ លោកស្រីឯកអគ្គរដ្ឋទូត Teo, លោកបណ្ឌិត សុខ ស៉ីផាន់ណា ភ្ញៀវកិត្តិយស និងតំណាងមកពីសាលាអន្តរជាតិ SCIA, ក្រុមហ៊ុន Siemens និងក្រុមហ៊ុន STEAMING Cambodia

ស្នាដៃគំនូរដ៏ពិសេស គូរដោយសិស្សសាលាអន្តរជាតិ SCIA ជូនដល់លោកស្រីឯកអគ្គរដ្ឋទូត Teo

លោកស្រីឯកអគ្គរដ្ឋទូត Teo ថ្លែងសុន្ទរកថាក្នុងកម្មវិធី