(កូរ៉េ)៖ SLL ដែលជាស្ទូឌីយោផលិតរឿងភាគកូរ៉េ ពីមុនមានឈ្មោះថា JTBC បានប្រកាសឲ្យដឹងថា ខ្លួននឹងវិនិយោគទឹកប្រាក់ ៣ទ្រីលានវ៉ុន ឬខ្ទង់ ២.៤ពាន់លានដុល្លារ ដើម្បីផលិតរឿងភាគទូរទស្សន៍ និងខ្សែភាពយន្ត ក្នុងរយៈពេល៣ឆ្នាំខាងមុខ ខណៈចំនួនវិនិយោគដ៏ច្រើនសន្ធឹកនេះ គឺចំណាយក្នុងគោលបំណងពង្រីកខ្លួន ឲ្យក្លាយជាអ្នកបង្កើតមាតិកាសកល។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Yonhap នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២។
នាយកប្រតិបត្តិក្រុមហ៊ុន SLL លោក Jung Kyun-moon បាននិយាយនៅក្នុងសន្និសីទកាសែតនាពេលថ្មីៗនេះថា «ឥឡូវនេះពួកយើងបានប្តូរឈ្មោះក្រុមហ៊ុន ពី JTBC មកជា SLL។ ការផ្លាស់ប្តូរឈ្មោះនេះ គឺឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់យើង ក្នុងការក្លាយជាផលិតកម្មឈានមុខគេ នៅក្នុងឧស្សាហកម្មកម្សាន្តពិភពលោក»។
នាយកប្រតិបត្តិរូបនេះបានបន្តថា ដើម្បីសម្រេចបាននូវគោលដៅ ក្រុមហ៊ុនរបស់លោកនឹងផ្តល់ប្រាក់ចំនួន ៣ពាន់ពាន់លានវ៉ុន ឬខ្ទង់ ២.៤ពាន់លានដុល្លារ ទៅក្នុងការបង្កើតមាតិកានៅឆ្នាំ២០២៤ និងពង្រីកអាជីវកម្មនៅក្រៅប្រទេសរបស់ខ្លួន ទាំងនៅក្នុងសហរដ្ឋអាមេរិក និងអាស៊ី។
គួរជម្រាបថា SLL ដែលជាផ្នែកផលិតរបស់បណ្តាញទូរទស្សន៍ ខ្សែកាបកូរ៉េខាងត្បូង JTBC មានស្ទូឌីយោសាខាចំនួន១៥ រួមទាំងស្ទូឌីយោ Climax ដែលផលិតរឿង Netflix ចំណងជើងថា «Hellbound», Film Monster ដែលផលិតរឿងបែប Zoombie «All of Us Are Dead» និង Zium Content ដែលផលិតរឿងភាគពេញនិយម «Itaewon Class»។ SLL បានប្រកាសថា ខ្លួនទទួលបានប្រាក់ ៥៨៨.៨ ពាន់លានវ៉ុន កាលពីឆ្នាំ២០២១ តាមរយៈរឿងចំនួន២៦ ដែលបានក្លាយជាផលិតកម្មដ៏ធំបំផុត នៅក្នុងប្រទេសកូរ៉េខាងត្បូង ដែលលក់បានច្រើន៕