(បរទេស)៖ តាមប្រភពពី Canalys បានប្រកាសបង្ហាញឱ្យដឹងថាការនាំចេញស្មាតហ្វូនទូទាំងពិភពលោកសម្រាប់ត្រីមាសទី១ ឆ្នាំ២០២២កន្លងទៅនេះ មានការធ្លាក់ចុះរហូតដល់ទៅ ១១ភាគរយឯណោះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២។

ក្រុមហ៊ុនដែលនាំមុខគេនៅក្នុងត្រីមាសទី១នេះគឺ Samsung ដែលនាំមុខនូវចំណែកទីផ្សារ ២៤ភាគរយ ខណៈដែល Apple ឈរនៅចំណាត់ថ្នាក់លេខ ២មានចំណែកទីផ្សារ ១៨ភាគរយ។ ចំណែកឯXiomi វិញឈរនៅលេខរៀងទី៣ ជាមួយនឹងចំណែកទីផ្សារ ១៣ភាគរយ រួមទាំង Oppo និង Vivo ឈរនៅលេខរៀងទី ៤ និងទី ៥។

ទន្ទឹមនឹងបញ្ហាដែលបណ្តាលឱ្យមានការធ្លាក់ចុះជាសកលនេះ ត្រូវបានប្រភពខាងលើបញ្ជាក់ថាមកពីមូលហេតុ ជំងឺកូវីដ១៩ ប្រភេទ Omicron ថ្មីដែលបានរីករាលដាល រួមទាំងសង្រ្គាមរវាង រុស្ស៊ី-អ៊ុយក្រែន ក៏ដូចជាការរាំងខ្ទប់ជាថ្មីម្តងទៀតនៅក្នុងប្រទេសចិនផងដែរ។

គួរជម្រាបដែរថា បើទោះបីជាមានការធ្លាក់ចុះទីផ្សារស្មាតហ្វូនជាសកលក៏ពិតមែន ក៏ប៉ុន្តែតម្រូវការ iPhone 13 របស់ Apple នៅតែកើនឡើងខ្ពស់គួរឱ្យកត់សម្គាល់ ស្របពេលដែល iPhone SE 3 វិញក៏បានដើរតួនាទីយ៉ាងសំខាន់ជំនួសឱ្យទីផ្សារស្មាតហ្វូនកម្រិតមធ្យមផងដែរ៕