(ឡុងដ៍)៖ កីឡាករតេន្នីសផ្នែកបុរស លំដាប់ថ្នាក់ទី២ របស់ពិភពលោក Daniil Medvedev នឹងត្រូវបានគេហាមឃាត់ពីការចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ Wimbledon កម្រិត Grand Slam ក្នុងឆ្នាំនេះ ខណៈសារព័ត៌មានអង់គ្លេស The Times បានចេញផ្សាយថា អ្នករៀបចំកម្មវិធី នឹងហាមឃាត់កីឡាករសញ្ជាតិរុស្ស៊ី និងប៊ែលឡារុស ដោយសារតែការឈ្លានពានរបស់រុស្ស៊ី លើប្រទេសអ៊ុយក្រែន។

កីឡាកររុស្ស៊ី និងប៊ែលឡារុស អាចបន្តចូលរួមប្រកួតបានក្នុងព្រឹត្តិការណ៍ ATP និង WTA ដោយស្ថិតក្រោមទង់ជាតិអព្យាក្រឹត្យចាប់តាំងពីរុស្ស៊ី បានឈ្លានពានចូលអ៊ុយក្រែនកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។

សារព័ត៌មាន The Times បានចេញផ្សាយថា ប្រភពព័ត៌មានបានប្រាប់ពួកគេថា បន្ទាប់ពីរយៈពេលជិត ២ខែនៃការពិភាក្សាគ្នា អ្នករៀបចំព្រឹត្តិការណ៍ Wimbledon មានទំនោរហាមឃាត់កីឡាករ ជាជាងការប្រកាន់ភ្ជាប់នូវដំណោះស្រាយសម្របសម្រួល ដែលផ្តល់ដោយរដ្ឋាភិបាលអង់គ្លេស៕