(វែលលីងតុន)៖ ណូវែលសេឡង់ នឹងត្រូវប្រកួតទល់នឹងក្រុមជម្រើសជាតិកូស្តារីកា នៅក្នុងការប្រកួតជម្រុះអន្តរទ្វីបនៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup នាទីក្រុង Doha ប្រទេសកាតា នៅថ្ងៃទី១៤ ខែមិថុនាខាងមុខ។ នេះបើតាមការបញ្ជាក់ពីសមាគមបាល់ទាត់ណូវែលសេឡង់ (NZF) ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២។

ក្រុមជម្រើសជាតិណូវែលសេឡង់ បានបោះជំហានដ៏ធំមួយក្នុងការឆ្ពោះទៅកាន់ការប្រកួតជុំផ្តាច់ព្រ័ត្រ World Cup ជាលើកដំបូង គិតចាប់តាំងពីឆ្នាំ២០១០ បន្ទាប់ពីឆ្លងកាត់ការប្រកួតជម្រុះប្រចាំទ្វីបអូសេអានីជាមួយនឹងកំណត់ត្រាឈ្នះ ១០០ភាគរយ។

ពួកគេនឹងត្រូវប៉ះក្រុមកូស្តារីកា ដែលបានបញ្ចប់នៅចំណាត់ថ្នាក់ទី៤ ក្នុងការប្រកួតជម្រុះប្រចាំតំបន់អាមេរិកខាងជើង (CONCACAF) និងស្ថិតក្នុងចំណាត់ថ្នាក់ទី៣១ ក្នុងចំណាត់ថ្នាក់របស់ FIFA ខណៈណូវែលសេឡង់ ស្ថិតនៅចំណាត់ថ្នាក់ទី១០១។

ក្រុមឈ្នះក្នុងការប្រកួតជម្រុះនេះ នឹងចូលទៅបង្រ្គប់ក្នុងពូល E ដែលមានក្រុមខ្លាំងអាល្លឺម៉ង់ អេស្ប៉ាញ និងជប៉ុន។

សូមជម្រាបថា ព្រឹត្តិការណ៍ World Cup ឆ្នាំ២០២២ នឹងធ្វើឡើងចាប់ពីថ្ងៃទី២១ ខែវិច្ឆិកា ដល់ថ្ងៃទី១៨ ខែធ្នូ ហើយវាគឺជាលើកដំបូងដែលព្រឹត្តិការណ៍នេះ ត្រូវបានធ្វើឡើងនៅតំបន់មជ្ឈិមបូព៌ាមួយនេះ៕