(ភ្នំពេញ)៖ សណ្ឋារគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ សហការជាមួយនឹង Tribe Art Cambodia នឹងរៀបចំកម្មវិធីរាត្រីសមោសរមួយឈ្មោះ «Cambodia’s first St. George’s Day Ball» នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២ ខាងមុខនេះ ដើម្បីជាការស្វាគមន៍ការវិលត្រឡប់ជាលើកទី២ មកកាន់ទឹកដីនៃប្រទេសកម្ពុជា របស់វិចិត្រករដ៏ល្បីរបស់អង់គ្លេស លោក Carne Griffiths។
កម្មវិធីនេះនឹងមានការតាំងបង្ហាញរូបគំនូរ និងការគូសគំនូររូបម្ចាស់ក្សត្រី Elizabeth II ដោយផ្ទាល់ពី លោក Griffiths ដើម្បីប្រារព្ធ និងអបអរសាទរដល់ម្ចាស់ក្សត្រី ដែលគ្រងរាជ្យយូរបំផុត ក្នុងប្រវត្តិសាស្ត្រនៃចក្រភពអង់គ្លេស ជាប្រមុខនៃប្រជាជាតិដ៏រុងរឿងអស់រយៈពេល៧០ឆ្នាំ។
នេះបើតាមការបញ្ជាក់ឱ្យដឹង នៅក្នុងសន្និសីទសារព័ត៌មានស្តីពីការតាំងបង្ហាញ គំនូរបស់លោក Carne Griffiths ដែលបានរៀបចំឡើង នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២នេះ នៅសណ្ឋារគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ។
សូមបញ្ជាក់ថា កាលពីឆ្នាំ២០១៩ លោក Carne Griffiths បានបង្ហាញស្នាដៃគូសគំនូរនៃសម្ដេចរាជបុត្រី ទ្រង់ព្រះរាម អ្នកអង្គម្ចាស់នរោត្តម បុប្ផាទេវី ដែលមានក្បូរក្បាច់ រចនាបង្កប់នូវអត្តន័យដ៏អស្ចារ្យ ដែលផ្ទាំងគំនូរនេះត្រូវបានដាក់តាំងបង្ហាញនៅក្នុងសណ្ឋារគារដ៏ប្រណិតលំដាប់ផ្កាយប្រាំ ផាក ហៃយ៉ាត់ ខេត្តសៀមរាប។
លោក Griffiths ជាវិចិត្រករដៃឯក ដោយទេពកោសល្យសិល្បៈនៃការគូសគំនូររបស់លោក គឺប្រើទឹកតែជាចម្បងមកធ្វើជាទឹកថ្នាំសម្រាប់គូស ការសរសេរអក្សរផ្ចង់ និងក្រាហ្វិចជាដើម។ គំនូររបស់លោកផ្ដល់នូវការស្វែងយល់ពីទម្រង់រូបមនុស្សលក្ខណៈធរណីមាត្រ និងទម្រង់បែបផ្កា ដោយមានការរួមបញ្ជូលគ្នានៃព្យញ្ជនៈ និងភាពអរូបិយ៍ ដែលលោកបានជួបប្រទះក្នុងស្ថានភាពរស់នៅគ្រប់យ៉ាង ដែលបានកើតឡើងនៅជុំវិញខ្លួនរបស់លោក។
ការចងក្រងរូបភាពនេះកើតឡើងពីក្តីសុបិន្តឥតព្រំដែនរបស់លោក បានបង្កើតនូវដំណើរមួយដែលផ្តោតទៅលើទិដ្ឋភាពនៃភាពស្ញប់ស្ញែង និងភាពអស្ចារ្យ ក៏ដូចជា ការបង្ហាញពីអារម្មណ៍នៃការលះបង់ចោលអ្វីមួយ ដើម្បីចាប់យកអ្វីមួយដែលថ្មីនិងការស្វែងរកអាណាចក្រថ្មីនិងកាន់តែអស្ចារ្យ។
កម្មវិធីរាត្រីសមោសរ និងពិសារភោជនីយអាហារពេលល្ងាច នឹងរៀបចំ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២ St. Georges Day Ball in the Regency Ballroom ក្នុងសាលហៃយ៉ាត់។ តម្លៃសំបុត្រ ១១៥ដុល្លារក្នុងម្នាក់ (អាហារឈុត៤មុខ ភេសជ្ជៈ និងទស្សនីយភាពគូសគំនូររូប ម្ចាស់ក្សត្រី Elizabeth II ដោយលោក Griffiths)។
ជាមួយគ្នានោះ ចាប់ពីថ្ងៃទី២៤ ខែមេសា ដល់ថ្ងៃទី១៥ ខែឧសភា នឹងមានការបើកឱ្យចូលទស្សនាការតាំងពិពណ៌សិល្បៈគំនូរដោយសេរី នៅក្នុងសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ។ សម្រាប់ថវិកាដែលទទួលបានពីកម្មវិធីរាត្រីស្រមោលសរ នឹងត្រូវបរិច្ចាគជូនទៅមូលនិធិ Terry McIlkenny Foundation ដែលផ្តល់អាហារូបករណ៍ផ្នែក សិល្បៈនៅអង្គការ ហ្វារពន្លឺសិល្បៈ។
សូមទំនាក់ទំនងកក់សំបុត្រចូលរួមកម្មវិធីរាត្រីសមោសរ តាមលេខទូរស័ព្ទ៖ ០២៣ ៦០០ ១២៣៤៕