(ឡុងដ៏)៖ Arsenal បានបន្តរក្សាកំណត់យកឈ្នះក្រុមតោខៀវ Chelsea បានចំនួន ២៣លើកហើយក្នុងលីគអង់គ្លេស Premier League សម្រាប់ជើងទី២ ក្នុងលទ្ធផលវាយយកបានជ័យជម្នះ ៤-២ នៃសប្តាហ៍ទី៣២ រដូវកាល២០២១-២២ ពីប្រវត្តិជួបគ្នាចំនួន ៦០លើកមកនេះ ហើយនេះជាការបញ្ចប់ការចាញ់របស់ខ្លួន ៣លើកចុងក្រោយជាប់ៗគ្នានៃរដូវកាលនេះ។
ការស៊ុតបាន ៤គ្រាប់របស់ក្លិបកំពុងដឹកនាំដោយលោក Mikel Arteta ធ្វើបានដោយកូនក្រុម Nketiah រកបាន ២គ្រាប់ម្នាក់ឯងជាមួយមិត្តរួមក្រុម Smith Rowe និង Bukayo Saka ស៊ុតបាននៅនាទីចុងម៉ោង៩០+២ ដោយបាល់ពិន័យ ១១ម៉ែត្រ ក្រោយពេលក្រុមលោក Thomas Tuchel នាកីឡាដ្ឋាន Stamford Bridge បន្ទាប់ពីជើងទី១ ធ្វើបានលទ្ធផល ២-០ នាកីឡដ្ឋាន Emirates។
នេះជាការប៉ះគ្នាលើកទី ៦០ប្រកួតរវាងក្រុមខ្លាំងទាំងពីរ Arsenal និង Chelsea ប្រជែងគ្នាក្នុងលីគ Premier League ចាប់តាំងពីឆ្នាំ១៩៩២ មកដល់២០២២ ក្រុមរហស្សនាមកាំភ្លើងធំ Arsenal ធ្វើបានកំណត់ត្រាឈ្នះ ២៣លើក ដ្បិតក្រុមតោខៀវ Chelsea រកបានជ័យជម្នះតែ ២០លើកជាមួយការស្នើគ្នា១៧ ដែលសរុបគ្រាប់ទៅវិញ ១៦៣គ្រាប់ដែល ៨១គ្រាប់ Arsenal និង ៨២គ្រាប់របស់ Chelsea នៃប្រវត្តិជួបគ្នានេះ។ តែយ៉ាងណា Arsenal ធ្លាប់ចាញ់ Chelsea ៦ទល់នឹង០ កាលឆ្នាំ២០១៤ ដែលកាំភ្លើងធំពុំទាន់ធ្វើបានវិញផងទេ។
ក្នុងរដូវកាលដែលជិតបញ្ចប់នេះ អតីតម្ចាស់ពានមាស PL ក្រុមកាំភ្លើង Arsenal កំពុងរកបាន ៥៧ពិន្ទុដែលនៅសល់ ៦ប្រកួតទៀត ខណៈ Chelsea កំពុងឈរលេខ៣ រកបាន ៦២ពិន្ទុនៅសល់ ៧ប្រកួតបញ្ចប់រដូវកាលនេះ ដោយក្រុមតោខៀវមានប៉ះក្រុម West Ham United និង Manchester United សម្រាប់ ២ប្រកួតរបស់ពួកគេត្រូវប្រជែងរក ៣ពិន្ទុជាបន្តទៀត ក្នុងការប្រជែងតំណែង Top 4 បានលេងពាន UEFA Champions League រដូវកាលក្រោយសម្រាប់ក្រុមទាំងពីរ៕