(បរទេស)៖ ថ្មីៗនេះក្រុមហ៊ុនផលិតរថយន្តដ៏ធំរបស់ពិភពលោក Tesla បានរាយការណ៍ពីប្រាក់ចំណូល សម្រាប់ត្រីមាសដំបូង ឆ្នាំ២០២២ របស់ខ្លួន ខណៈដែលប្រាក់ចំណូលនោះត្រូវបានអ្នកវិភាគប៉ាន់ប្រមាណថាក្នុងមួយហ៊ុននឹងអាចរកបាន ២.២៦ដុល្លារ គិតជាប្រាក់ចំណូលសរុបនឹងកើនដល់ ១៧.៨០ពាន់លានដុល្លាអាមេរិក។
នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNBC នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២។
យ៉ាងណាមិញសម្រាប់ប្រាក់ចំណូលរបស់ Tesla ទទួលបានលទ្ធផលលើសពីការរំពឹងទុកទាំងនេះ ដោយបានរាយការណ៍ថាក្នុងមួយហ៊ុនលក់បានចំនួន ៣.២២ដុល្លារ ស្របពេលនឹងប្រាក់ចំណូលសរុបត្រីមាសទី១ កន្លងទៅនេះកើនឡើងដល់ទៅ ១៨.៧៦ពាន់លានដុល្លាអាមេរិកឯណោះ។
ទន្ទឹមនឹងនេះប្រាក់ចំណូលដែលរកបានពីការលក់រថយន្តបានឈានដល់ ១៦.៨៦ពាន់លានដុល្លាអាមេរិក កើនឡើងខ្ទង់ ៨៧ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ បើគិតទៅលើតែប្រាក់ចំណេញសុទ្ធពីការលក់រថយន្តវិញបានកើនឡើងដល់ ៣២.៩ភាគរយ ដែលត្រូវនឹង ៥.៥៤ពាន់លានដុល្លាអាមេរិកនៅក្នុងផ្នែកសំខាន់ៗរបស់ក្រុមហ៊ុននេះ។
នាយកប្រតិបត្តិលោក Elon Musk បានបង្ហាញពីទំនុកចិត្តរបស់លោកថា «ឆ្នាំ២០២២ នេះគឺជាឆ្នាំដ៏សំខាន់ម្តងទៀតសម្រាប់ Tesla ក្នុងកំណើននៃប្រាក់ចំណូល» ដោយលោកជឿជាក់ថា Tesla នឹងមានសមត្ថភាពខ្ពស់កើនឡើងយ៉ាងហោចណាស់ ៥០ភាគរយ បើធៀបនឹងតួរលេខកាលពីឆ្នាំមុន។ បើទោះបីជាខ្សែសង្វាក់ផ្គត់ផ្គង់នៅតែជាបញ្ហាជាសកលក៏ដោយ Musk បានអះអាងផងដែរថា Tesla នឹងមានសមត្ថភាពផលិតរថយន្តចំនួន ១.៥លានគ្រឿងនៅក្នុងឆ្នាំនេះ។
គួរជម្រាបដែរថា ការកើនឡើងនៅប្រាក់ចំណូលដ៏ច្រើនលើកនេះ Musk បានបញ្ជាក់ថាលោកនឹងឈប់ឱ្យទន្ទឹងរង់ចាំយូរទៀតហើយនៅក្នុងឆ្នាំ២០២៣ ខាងមុខនេះ Tesla នឹងបញ្ចញរថយន្តម៉ូដែល Cybertruck ជាផ្លូវការ។ ដោយបន្ថែមទៀតថាលោកក៏មានបំណងដាក់ចេញនូវបេតានៃបច្ចេកវិទ្យា Full Self-Driving នៅទូទាំងអាមេរិកខាងជើងនៅចុងឆ្នាំនេះផងដែរ៕