(ភ្នំពេញ)៖ ក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ (CPL) បានសម្រេចរៀបចំពានរង្វាន់ថ្មីមួយ អំឡុងពេលក្រុមជម្រើសជាតិ U23 កម្ពុជា ត្រូវចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម នាដើមខែឧសភាខាងមុខ គឺការប្រកួតពានរង្វាន់ Cambodian League Cup 2022 ខណៈនាយកប្រតិបត្តិ CPL លោក Satoshi Saito រំពឹងពាននេះ នឹងឆ្លុះបញ្ចាំងឲ្យឃើញការប្រកួតប្រជែងថ្មីមួយទៀត រវាងក្រុមក្របខណ្ឌលីគកំពូលកម្ពុជា (Cambodian Premier League) និងក្រុមលីគទី២ (Cambodian League 2)។

ពាន League Cup 2022 នេះ គ្រោងប្រកួតពីថ្ងៃទី៣០ ខែមេសា ដល់ថ្ងៃទី២៨ ខែឧសភា ដោយមាន ១៦ក្រុមចូលរួម ក្នុងនោះមាន ៨ក្រុមជាសមាជិក Cambodian Premier League គឺមានក្រុមព្រះខ័នរាជស្វាយរៀង, បឹងកេត, ណាហ្គាវើលដ៏, វិសាខា, អង្គរថាយហ្គឺរ, ភ្នំពេញក្រោន, កងយោធពលខេមរភូមិន្ទ និងក្រុមគិរីវង់។ រីឯ ៨ក្រុមទៀត ជាសមាជិកក្រុមខណ្ឌលីគទី២ រួមមានក្រុមអគ្គិសនីកម្ពុជា, ព្រៃវែង, កោះកុងអេហ្វស៊ី, នគរបាលជាតិ, ISI ដង្កោសែនជ័យ, សាលាបាល់ទាត់ជាតិបាទី, សៀមរាបអេហ្វស៊ី និងក្រុម Nest Step FC។

ថ្លែងក្នុងពិធីចាប់ឆ្នោតបែងចែកពូលកាលពីល្ងាចថ្ងៃទី២០ ខែមេសា លោក Satoshi Saito លើកឡើងថា ពាននេះ បង្កើតឡើង បន្ទាប់ពីមានការពិភាក្សាគ្នាជាមួយក្លិបនីមួយៗ ស្របពេលការប្រកួតលីគទាំងពីរ ត្រូវសម្រាក ដោយសារក្រុមជម្រើសជាតិ មានការប្រកួតអន្ដរជាតិ អំឡុងខែឧសភាខាងមុខ ហើយគ្រប់ភាគីពាក់ព័ន្ធ បានឯកភាព និងគាំទ្រការរៀបចំពានរង្វាន់ League Cup ដើម្បីផ្តល់ឱកាសឲ្យកីឡាករទាំងអស់នៃលីគទាំងពីរបានបន្ដការប្រកួត ក៏ដូចជាបង្ហាញសមត្ថភាព និងបង្កើនបច្ចេកទេសថែមមួយកម្រិតទៀត។

អតីតមន្ត្រីទីផ្សារអន្តរជាតិនៃក្លិប FC Barcelona ខាងលើ បន្ដថា «អ្វីដែលពិសេសសម្រាប់ League Cup នេះ យើងនឹងឃើញការប្រកួតប្រជែង រវាងក្រុមលីគទី២ ជាមួយក្រុមលីគកំពូល។ ដូចគ្នានេះដែរ យើងមិនមានច្បាប់ ដូចជាការកំណត់យុវជនអាយុក្រោម ២២ឆ្នាំនោះទេ ដោយសារគាត់ត្រូវទៅប្រកួតស៊ីហ្គេមនៅវៀតណាម។ អ៊ីចឹងនេះជាឱកាសសម្រាប់កីឡាករ ដែលមានអាយុច្រើន មានឱកាសច្រើនក្នុងការលេង។ នេះគឺជាអ្វីដែលយើងរំពឹងទុក ហើយសង្ឃឹមថា នឹងមានអ្នកគាំទ្រច្រើនមកទស្សនាផ្ទាល់នៅកីឡដ្ឋាននីមួយៗ...»

សូមបញ្ជាក់ថា ក្នុងចំណោមបេក្ខភាព ១៦ក្រុម ដែលត្រូវប្រកួតពាន League Cup ខាងលើ គឺចែកចេញជា ៤ពូល ក្នុងមួយពូលមាន ៤ក្រុម។ ចំពោះការប្រកួត នឹងប្រើរូបមន្ដជម្រុះតាមពូលនីមួយៗ ដោយក្រុមមានពិន្ទុខ្ពស់ជាងគេ ២ក្រុម មានន័យថា ក្រុមលេខ១ និងលេខ២ នៃពូលទាំង៤ នឹងបានឡើងវគ្គ ៨ក្រុមចុងក្រោយ។ យ៉ាងណាក្ដីលទ្ធផលផ្លូវការនៃការចាប់ឆ្នោត ត្រូវរង់ចាំអ៊ុតលទ្ធផលការប្រកួតសប្ដាហ៍ទី៧ នៃលីកទាំងពីរនាចុងសប្ដាហ៍នេះសិន ព្រោះការចាប់ឆ្នោតម្សិលមិញ យោងទៅតាមចំណាត់ថ្នាក់ក្រុម នៃលីគទាំងពីរ៕