(ភ្នំពេញ)៖ សមាគមកីឡាគ្រីឃីតកម្ពុជា (CFCA) ដោយទទួលបានការគាំទ្រពីសហព័ន្ធកីឡាតេន្នីស គ្រីឃីតអន្ដរជាតិ (ITCF) គ្រោងនឹងរៀបចំការប្រកួតកីឡាគ្រីឃីតអន្ដរជាតិលើកដំបូងនៅកម្ពុជា ដោយប្រសិទ្ធនាមថា ការប្រកួតដណ្ដើមពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន អាស៊ីសន្ដិភាព គ្រីឃីត ឆ្នាំ២០២២ (SAMECH HUN SEN ASIA PEACE CRICKET CUP 2022) ដែលគ្រោងធ្វើការប្រកួតនាខែវិច្ឆិកាខាងមុខ។

នេះបើតាមការបញ្ជាក់របស់លោក សេន វិទ្យា ប្រធានសមាគម CFCA ក្រោយជំនួបសម្ដែងការគួសម រវាងលោក Kanhaiya Gujar នាយកប្រតិបត្តិសហព័ន្ធកីឡាតេន្នីស គ្រីឃីតអន្ដរជាតិ ជាមួយលោក យី វាសនា អគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជានៅមជ្ឈមណ្ឌលជាតិជនពិការកម្ពុជា នៅថ្ងៃទី២១ ខែមេសានេះ ដើម្បីពិភាក្សាការងារ និងការលើកសំណើររបស់សមាគមជូនសម្ដេចតេជោនាយករដ្ឋមន្ដ្រី តាមរយៈលោក យី វាសនា ដើម្បីស្នើសុំការរៀបចំព្រឹត្តិការណ៍អន្ដរជាតិខាងលើ។

លោកបន្ដថា ITCF បានគាំទ្រទាំងស្រុង ចំពោះការរៀបចំការប្រកួតកីឡាគ្រីឃីតអន្ដរជាតិនៅកម្ពុជា ពិសេសការស្នើសុំការអនុញ្ញាតប្រើប្រាស់ឈ្មោះរបស់សម្ដេចតេជោ ហ៊ុន សែន ផ្សារភ្ជាប់ជាមួយនឹងសន្ដិភាព ដែលជារឿងដ៏ស័ក្ដិសមបំផុត ព្រោះសម្ដេចតេជោនាយករដ្ឋមន្ដ្រី ត្រូវបានទទួលស្គាល់ ជាអ្នកដឹកនាំឆ្នើម និងជាបិតាសន្តិភាព ដែលបានទទួលពាន់រង្វាន់សន្តិភាព Sunhak ក្នុងឆ្នាំ 2022 ដែលជាសារបង្ហាញអំពីសុខសន្តិភាព សុខដុមរមនា និងមិត្តភាព នៃបណ្តាប្រទេសជាច្រើនក្នុងទ្វីបអាស៊ី។

លោក Madhu Aman អនុប្រធានសមាគម CFCA បញ្ជាក់ថា គោលបំណងនៃការរៀបចំឲ្យមានព្រឹត្តិការណ៍ SAMECH HUN SEN ASIA PEACE CRICKET CUP 2022 ខាងលើ គឺដើម្បីជួយបណ្តុះបណ្តាលធនធានកីឡាករ-កីឡាការិនី ពិសេសកីឡាគ្រីឃីតជនពិការកម្ពុជា ឲ្យមានសមត្ថភាព និងសក្តានុពល សម្រាប់ត្រៀមចូលរួមការប្រកួតប្រជែងជាមួយបណ្តាប្រទេសក្នុងតំបន់ និងព្រឹត្តិការណ៍អន្ដរជាតិនានា។

លោក យី វាសនា អគ្គលេខាធិការគណ:កម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា បានបង្ហាញពីឆន្ទៈ និងគោលបំណងរួមគ្នា ដើម្បីជំរុញការផ្សព្វផ្សាយ លើកកម្ពស់ និងអភិវឌ្ឍកីឡាគ្រីឃីតនៅកម្ពុជា ឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ពិសេសសម្រាប់ក្រុមកីឡាគ្រីឃីតជនពិការ ដែលជាវិញ្ញាសាថ្មីមួយ ដើម្បីផ្ដល់ឱកាសឲ្យកីឡាករ-កីឡាការិនីជនពិការកម្ពុជាបានចូលរួមហ្វឹកហាត់ និងមានឱកាសចូលរួមការប្រកួតលើឆាកអន្ដរជាតិ តំណាងប្រទេសកម្ពុជា។

គួរដឹងថា សហព័ន្ធកីឡាតេន្នីស គ្រីឃីតអន្តរជាតិ (ITCF) គឺជាស្ថាប័នគ្រប់គ្រងអន្តរជាតិ សម្រាប់កីឡាគ្រីឃីត និងកីឡាវាយកូនបាល់ (កីឡាតេន្នីសគ្រីឃីត) ហើយស្ថាប័នអន្ដរជាតិមួយនេះ បានយល់ព្រមឲ្យកម្ពុជាធ្វើជាម្ចាស់ផ្ទះនូវព្រឹត្តិការណ៍កីឡាគ្រីឃីតអន្តរជាតិលើកដំបូង ព្រមទាំងមានការគាំទ្រ និងមានការចូលរួមសហការពីបណ្តាប្រទេសផ្សេងៗ ដែលជាសមាជិករបស់ ITCF ទៀតផង។

សម្រាប់ការប្រកួតពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន អាស៊ីសន្ដិភាព គ្រីឃីត លើកទី១ ឆ្នាំ២០២២ ដែលគ្រោងរៀបចំនាខែវិច្ឆិកាខាងមុខ គឺបែងចែកជា ២កម្មវិធី ទី១-ការប្រកួតតេន្នីសគ្រីឃីត ដែលជាបណ្ដោះអាសន្នមានប្រទេសសមាជិកអាស៊ី ៨ប្រទេសចូលរួម គឺមានឥណ្ឌា ប៉ាគីស្ថាន បង់ក្លាដេស នេប៉ាល់ អាហ្វហ្គានីស្ថាន ថៃ វៀតណាម ឡាវ និងម្ចាស់ផ្ទះកម្ពុជា និងទី២-ការប្រកួតប៉ារ៉ាគ្រីឃីត T-20 ជាបណ្ដោះអាសន្នមាន ៥ប្រទេសចូលរួម គឺមានប៉ាគីស្ថាន អាហ្វហ្គានីស្ថាន នេប៉ាល់ ឥណ្ឌូនេស៊ី និងកម្ពុជា៕