(ភ្នំពេញ)៖ កីឡាករបាល់ទាត់វ័យក្មេងកម្ពុជា ស្វាយ ច័ន្ទរតនៈ ដែលកំពុងប្រកបអាជីពជាមួយក្លិបយុវជន Sporting clube da vista alegre នៅប្រទេសព័រទុយហ្គាល់ កំពុងស្ថិតក្នុងក្រសែភ្នែកអ្នកគាំទ្រកម្ពុជា បន្ទាប់ពីរូបគេត្រូវបានគ្រូបង្វឹកដាក់ឲ្យលេងជាប្រចាំ ក្នុងតំណែងពិសេសជាប្រធានក្រុមទៀតផង។

ឆ្លើយតបជាមួយក្រុមការងារ Fresh News Plus ពីប្រទេសព័រទុយហ្គាល់ រតនៈ បានឲ្យដឹងថា ខ្លួនកំពុងខិតខំប្រឹងប្រែងហ្វឹកហាត់ខ្លាំង ដើម្បីសម្រេចក្ដីស្រមៃក្លាយជាកីឡាករអាជីពកម្រិតខ្ពស់ ហើយឈានទៅប្រកបអាជីពជាមួយក្រុមខ្លាំងៗនៅអឺរ៉ុប ពិសេសឱកាសលេងឲ្យក្រុមជម្រើសជាតិកម្ពុជា ដែលជាក្ដីស្រមៃដ៏ធំរបស់ខ្លួនក្នុងនាមជាកូនខ្មែរ។

យុវជនមានដើមកំណើតពីកម្ពុជា និងមានឪពុក-ម្ដាយជាខ្មែររូបនេះបានបញ្ជាក់ថា «មហិច្ឆតារបស់ខ្ញុំ បន្ទាប់ពីបានប្រកបអាជីពបាល់ទាត់នៅអឺរ៉ុប គឺខ្ញុំចង់អភិវឌ្ឍន៍ខ្លួនឲ្យក្លាយជាកីឡាករអាជីព ហើយលេងកម្រិតខ្ពស់ជាមួយក្រុមខ្លាំងៗណាមួយនៅអឺរ៉ុប មិនថាប្រទេសណានោះទេ។ មួយវិញទៀត ក្នុងនាមកូនខ្មែរ ខ្ញុំពិតជាចង់លេងឲ្យជម្រើសជាតិ ប្រសិនបើមានការកោះហៅ ដោយផ្អែកលើសមត្ថភាពផ្ទាល់របស់ខ្លួន»

កីឡាករវ័យ ១៩ឆ្នាំរូបនេះបានឲ្យដឹងថា ខ្លួនបានចាប់ផ្ដើមហ្វឹកហាត់បាល់ទាត់ដំបូងនៅកម្ពុជា ជាមួយក្លិបបាល់ទាត់ខេត្តស្វាយរៀងតាំងពីវ័យ ១២-១៣ឆ្នាំ ហើយបន្ដហ្វឹកហាត់ជាមួយក្លិបបឹងកេតអេហ្វស៊ី មុនរូបគេទទួលបានឱកាសទៅហ្វឹកហាត់ជាមួយមជ្ឈមណ្ឌលបណ្ដុះបណ្ដលបាល់ទាត់យុវជនព័រទុយហ្គាល់ Pro Direct Academy- Portugal កាលពីអំឡុងខែសីហា ឆ្នាំ២០១៨ ដើម្បីទទួលបទពិសោធន៍ពីភាពខុសគ្នារវាងកម្រិតបាល់ទាត់អឺរ៉ុប និងកម្ពុជា។

ក្នុងរយៈពេលជាង ២ខែ បន្ទាប់ពីធ្វើការហ្វឹកហាត់ និងចូលរួមការប្រកួតបាន ២-៣ប្រកួតនៅទីនោះ ក៏មានក្លិបមួយចំនួន បានចាប់អារម្មណ៍នឹងទម្រង់លេងរបស់ខ្លួន ហើយពួកគេ (មជ្ឈមណ្ឌល Pro Direct Academy- Portugal) ក៏បានផ្ដល់ឱកាសឲ្យគេស្នាក់នៅ និងលេងនៅទីនោះរហូតដល់ពាក់កណ្ដាលឆ្នាំ២០២១ គឺជាការផ្លាស់ប្ដូរថ្មីមួយក្នុងអាជីព បន្ទាប់ពី រតនៈ បានផ្ទេរទៅលេងឲ្យក្រុមយុវជននៃក្លិប SC da vista alegre រហូតមកទល់បច្ចុប្បន្ន។

ស្វាយ ច័ន្ទរតនៈ បន្ដថា បច្ចុប្បន្នខ្លួនកំពុងលេងឲ្យក្រុម U19 នៃក្លិប SC da vista alegre ក្នុងលីគទី៤ របស់ប្រទេសព័រទុយហ្គាល់ តែមានពេលខ្លះ ក៏ត្រូវបានក្រុមការងារគ្រូផ្ដល់ឱកាសឲ្យចូលរួមហ្វឹកហាត់ជាមួយក្រុមធំរបស់ក្លិបដែរ។ តាមរយៈនេះរូបគេបានបង្កើនការខិតខំប្រឹងប្រែងហ្វឹកហាត់យ៉ាងខ្លាំង ដើម្បីឈានទៅសម្រេចក្ដីស្រមៃរបស់ខ្លួនក្នុងអាជីពបាល់ទាត់ ដែលមានការលើកទឹកចិត្ត ជំរុញ និងគាំទ្រពេញទំហឹងពីសំណាក់ក្រុមគ្រួសារ៕