(អាមេរិក)៖ តារាចម្រៀងប៉ុបល្បីឈ្មោះ Rihanna ត្រូវបានរាយការណ៍មកថា ដែលកំពុងស្ថិតក្នុងសភាពតានតឹង អំឡុងពេលពពោះកូនដំបូង បន្ទាប់ពីមិត្តប្រុសរបស់នាង គឺតារារ៉េប A$AP Rocky ត្រូវប៉ូលីសចាប់ខ្លួននាពេលថ្មីៗនេះ ជុំវិញសង្ស័យករណីបាញ់ប្រហារមួយកាលពីឆ្នាំមុន។ ប្រការនេះ បានធ្វើឲ្យនាងលុបចោលភ្លាមៗ នូវកម្មវិធីស្វាគមន៍កូនដំបូង (Baby Shower)។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន The News International នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២។
តារាចម្រៀងមួយគូនេះ បានត្រឡប់មកពីវិស្សមកាល នៅប្រទេសបាបាដូស និងសហរដ្ឋអាមេរិកវិញ កាលពីថ្ងៃពុធសប្តាហ៍នេះ។ បន្ទាប់ពីមកដល់អាមេរិក តារារ៉េប A$AP Rocky ត្រូវបានប៉ូលីសឃាត់ខ្លួន នៅអាកាសយានដ្ឋានទីក្រុង Los Angeles ដោយជាប់សង្ស័យករណីបាញ់ប្រហារមួយ ដែលធ្វើឲ្យមនុស្សស្លាប់ កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០២១។ យ៉ាងណាមិញ តារារ៉េបរូបនេះត្រូវបានដោះលែងវិញ បន្ទាប់ពីដាក់ប្រាក់ធានាចំនួន ៥៥ម៉ឺនដុល្លារ។
ត្បិតថា រឿងរ៉ាវហាក់ធូរស្បើយបន្តិច ប៉ុន្តែពិធីស្វាគមន៍កូនដំបូងរបស់តារាទាំងពីរនេះ បានលុបចោលមិនរៀបចំតាមការគ្រោងទុកឡើយ។ ប្រភពបានបញ្ជាក់ថា ក្រោយមិត្តប្រុសរបស់ខ្លួនជួបរឿងខាងលើ Rihanna ដែលកំពុងពពោះបានយំឥតឈប់ឈរ និងធ្វើឲ្យនាងលែងមានអារម្មណ៍រៀបចំ កម្មវិធីអ្វីទាំងអស់៕